សម្ដេចព្រះពុទ្ធជ័យ មុនី ឃឹម សន មានពុទ្ធដីកាថា ៖ ការអំណត់ព្យាយាម នឹងបានដល់គោលដៅពិតប្រាកដ អាស្រ័យតាមការខិតខំតស៊ូរបស់យើងម្នាក់ៗ
កំពង់ធំ៖ ព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ មានពុទ្ធដីកាថា៖ ការអំណត់ព្យាយាម នឹងបានដល់គោលដៅពិតប្រាកដ អាស្រ័យតាមការខិតខំតស៊ូរបស់យើងម្នាក់ៗ។ ពុទ្ធដីការបស់សម្ដេចព្រះពុទ្ធជ័យ មុនី ឃឹម សន ព្រះអគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិដូចនេះ ខណៈដែលសម្ដេចបាននិមន្តជាព្រះអធិបតីភាពក្នុងពិធីបើបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី៨ កក្កដា ឆ្នាំ២០២២ នៅសាលាពុទ្ធិកបឋមសិក្សាវត្តធម្មនាថ ។
សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន បានបន្តទៀតថា៖ ក្នុងឋានៈជាសង្ឃត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រ បើមិនដូច្នោះទេ គឺមិនអាចទទួលបានទាំងចំណេះដឹងទូទៅ និងចំណេះផ្នែកធ៌មវិន័យនោះទេ ហើយការសិក្សា ទទួលជោគជ័យទៅបានលុះត្រាយើងម្នាក់ៗ មានការតស៊ូប្រឹងប្រែងស្រវាស្រទេញត្រង់ត្រាប់ស្ដាប់ ហើយត្រូវចេះស្ដាប់ ចេះកត់ត្រា, ចេះឆ្ងល់ និងចេះសួ (សុ, ចិ, បុ ,លិ) ។
មានប្រសាសន៍ទៅកាន់សមណសិស្សនាឱកាសនោះដែរ លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានលើកឡើងថា៖ ការអភិវឌ្ឍធនធានព្រះសង្ឃ គឺជាបញ្ហាអាទ្ធិភាពមួយ ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់បំផុតពិសេសពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនា ឱ្យបានសក្តិសមជាសសានារបស់រដ្ឋ និងស្ថិតស្ថេរគង់វង្ស ។
លោកជំទាវ ក៏បានស្នើដល់សមណសិស្ស ក៏ដូចព្រះសង្ឃនៅតាមវត្តអារាមទាំងអស់ ឱ្យបន្តធ្វើអនាម័យខ្លួនប្រាណ និងទីធ្លាស្នាក់នៅឱ្យបានជាប្រចាំ ដើម្បីថែរក្សាការពារសុខភាពឱ្យបានល្អ ហើយត្រូវបន្តការពារចំពោះជម្ងឺកូវីដ១៩ ឱ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវតាមវិធានការណ៍របស់ក្រសួងសុខាភិបាល គឺ ៣ការពារ និង៣កុំ ឲ្យបានល្អ ។
សូមបញ្ជាក់ថា៖ នៅបវេសនកាលឆ្នាំសិក្សាថ្មី២០២២-២០២៣នេះ នៅក្នុងស្រុកសន្ទុក មានសាមណសិស្សចំនួន ២៥១អង្គ/នាក់ បានចូលសិក្សារៀនសូត្រ ក្នុងនោះថ្នាក់ទី១ មាន១៩៦អង្គ-នាក់, ថ្នាក់ទី២ មាន៣៦អង្គ-នាក់ និងថ្នាក់ទី៣ មាន១៩អង្គ-នាក់។
នៅក្នុងឱកាសនោះ សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន និងលោកជំទាវ ខៀវ ស៊ីណា បានប្រគេនទ័យវត្ថុ គ្រឿងបរិក្ខាប្រើប្រាស់ និងបច្ច័យដល់ដល់មន្ត្រីសង្ឃ និងសមណសិស្ស ព្រមទាំងបានប្រគល់រង្វាន់លើកទឹកចិត្តដល់សមណសិស្ស ដែលទទួលលទ្ធផលល្អពីលេខ១ ដល់លេខ៣ នៅក្នុងឆ្នាំសិក្សាកន្លងមក និងបានប្រគេនបច្ច័យមួយចំនួនទៀត សម្រាប់ទ្រទ្រង់ដល់សាលាពុទ្ធិកបឋមសិក្សាវត្តធម្មនាថ និងចែកថវិកាជូនដល់លោកយាយ លោកតាផងដែរ ៕ ដោយ វ៉េង លីមហួត













