ព័រទុយហ្គាល់ដាក់ពង្រាយក្រុមពន្លត់អគ្គិភ័យ ៣ពាន់នាក់ ដើម្បីទប់ទល់នឹងភ្លើងឆេះព្រៃ
លីសបោន៖ ភ្លើងឆេះព្រៃកំពុងរាលដាលពាសពេញភាគខាងជើង និងកណ្តាលប្រទេសព័រទុយហ្គាល់ ជាកន្លែងដែលអ្នកពន្លត់អគ្គីភ័យប្រមាណ ៣,០០០នាក់ និងយន្តហោះជាង ៦០គ្រឿងកំពុងប្រយុទ្ធដើម្បីពន្លត់អណ្តាតភ្លើង ចំពេលមានសីតុណ្ហភាពក្តៅខ្លាំង។
អាជ្ញាធរបាននិយាយថា អ្នកពន្លត់អគ្គីភ័យ ១២នាក់ និងជនស៊ីវិល ១៧នាក់ ត្រូវការជំនួយផ្នែកវេជ្ជសាស្រ្ដ ដើម្បីព្យាបាលរបួសស្រាលដែលបណ្តាលមកពីអគ្គីភ័យ។ នេះបើទូរទស្សន៍រដ្ឋព័រទុយហ្គាល់ RTP និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកផ្សេងទៀតបានរាយការណ៍នៅថ្ងៃអាទិត្យម្សិលមិញ ។ រដ្ឋាភិបាលព័រទុយហ្គាល់បានបញ្ជាក់ថា ខ្លួនបានដាក់ពង្រាយយន្តហោះចំនួន ៦០គ្រឿង ដើម្បីគាំទ្រដល់បុគ្គលិកជើងគោករបស់ខ្លួន។
គួរបញ្ជាក់ថា ប្រទេសព័រទុយហ្គាល់ធ្លាប់បានទទួលរងនូវភ្លើងឆេះព្រៃដ៏ធំសម្បើម។ ជាក់ស្តែង ក្នុងឆ្នាំ ២០១៧ ភ្លើងឆេះព្រៃដែលមិនអាចគ្រប់គ្រងបានសម្លាប់ជីវិតមនុស្សជាង ១០០នាក់។ សហភាពអឺរ៉ុបបានបញ្ជាក់ថា បញ្ហាប្រែប្រួលអាកាសធាតុ កំពុងធ្វើឱ្យទ្វីបជាច្រើនប្រឈមមុខនឹងឆ្នាំដ៏លំបាកបំផុត ដោយសារតែគ្រោះមហន្តរាយធម្មជាតិ ដូចជាគ្រោះរាំងស្ងួត និងភ្លើងឆេះព្រៃ៕ ប្រភព៖ Aljazeera ប្រែសម្រួល៖ ទីណា និងបុត្រា




