សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធលោក អាបេ ស៊ីនហ្សូ

ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធលោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ។

ព្រឹទ្ធសភា និងប្រជាជនកម្ពុជា សូមចូលរួមរំលែកទុក្ខ ប្រកបដោយមនោសញ្ចេតនាដ៏សែនក្រៀមក្រំជាទីបំផុត ជាមួយនឹងសភា រដ្ឋាភិបាល ប្រជាជនជប៉ុន និងក្រុមគ្រួសារសព ចំពោះការបាត់បង់ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីប្រទេសជប៉ុន ដែលជាឥស្សរជនដ៏ឆ្នើម និងជាទីគោរពស្រឡាញ់របស់ប្រជាជនជប៉ុន និងជាមិត្តដ៏ល្អរបស់ប្រជាជនកម្ពុជា។

ដោយចងចាំជានិច្ចនិរន្តរ៍ចំពោះមនោសញ្ចេតនាមិត្តភាពដ៏ជ្រាលជ្រៅរបស់ឯកឧត្តមចំពោះប្រទេស និងប្រជាជនកម្ពុជា ជាពិសេសការជួយអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម ដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងសកលលោកទាំងមូល។

សូមបញ្ជាក់ថា លោក អាបេ ស៊ីនហ្សូ បានទទួលមរណភាពក្នុងវ័យ៦៧ឆ្នាំ នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីរងការបាញ់ប្រហារកំឡុង ពេលថ្លែងសុន្ទរកថាមួយក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner