កម្ពុជាប្រារព្ធទិវាប្រជាជនពិភពលោក ១១កក្កដា លើកទី៣៣
ភ្នំពេញ៖ នារសៀលថ្ងៃចន្ទទី១១ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញ ជាអធិបតីក្នុងទិវាប្រជាជនពិភពលោក ១១កក្កដា លើកទី៣៣ ក្រោមប្រធានបទ «ពិភពលោកមួយដែលមានប្រជាជន ៨ប៊ីលាននាក់ ឆ្ពោះទៅរកអនាគតដែលមានភាពធន់ដើម្បីចាប់យកឱកាស និងធានាសិទ្ធិ និងជាជម្រើសសម្រាប់ទាំងអស់គ្នា»។
ក្នុងឱកាសនេះឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងផែនការ បានធ្វើរបាយការណ៍ជូនសម្ដេច និងអង្គពិធី ថាទិវាប្រជាជនពិភពលោក១១កក្កដា បានប្រារព្ធឡើងដោយ ផ្ដើម ពីគំនិតចង់ស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីបញ្ហាប្រជាជននៅក្នុងពិភពលោក។ផ្អែកលើមូលដ្ឋាននេះ ក្រុមប្រឹក្សាភិបាលនៃ កម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ បានកំណត់យកថ្ងៃទី១១កក្កដា ឆ្នាំ១៩៨៩ ដើម្បីប្រារព្ធទិវានេះជាលើកដំបូង និងបានណែនាំឱ្យរដ្ឋសមាជិក ប្រារព្ធ ទិវានេះជារៀងរាល់ឆ្នាំ ដោយចាត់ទុកប្រជាជនជាមធ្យោបាយ ចុង ក្រោយ នៃការអភិវឌ្ឍ និងគោលដៅចុងក្រោយនៃការអភិវឌ្ឍ។
ឯកឧត្តមទេសរដ្ឋមន្រ្តីបន្តថានៅឆ្នាំនេះ ទិវានេះបានប្រារព្ធ ឡើង ក្រោមប្រធានបទ «ពិភពលោកមួយដែលមានប្រជាជន៨ប៊ីលាននាក់ ឆ្ពោះទៅរកអនាគតដែលមានភាពធន់ ដើម្បីចាប់យកឱកាស និងធានា សិទ្ធិ និងជម្រើសសម្រាប់ទាំងអស់គ្នា»។
ឯកឧត្តមបន្តថាប្រធានបទនេះពិតជាឆ្លើយតបស្ថានភាពជាក់ស្ដែងនៃប្រជាជនក្នុងពិភពលោក ដោយសារអត្រាមរណភាពមាន ការធ្លាក់ ចុះជាងមុន ហើយមនុស្សរស់នៅមានអាយុវែងជាងមុន និងសុខភាព ល្អប្រសើរ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានឱ្យដឹងថារាជរដ្ឋាភិបាលកម្ពុជាបាន ប្រារព្ធទិវាប្រជាជនពិភពលោកជារៀងរាល់ឆ្នាំដើម្បីរំលឹក និងជំរុញ បន្ថែមដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ បញ្ញវន្ត សិស្សនិស្សិត និងអ្នកមានចំណែកពាក់ព័ន្ធទាំងអស់ រួមទាំងពលរដ្ឋ បន្តខិតខំប្រឹង ប្រែងដើម្បីបុព្វហេតុប្រជាជន និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានរំឭកថាមុនពេលមានការរីករាលដាល ជំងឺ កូវីដ-១៩ គឺសម្ដេចធ្លាប់បានចូលរួមពិធីបិទការប្រារព្ធពិធីទិវាប្រជាជន ពិភពលោកលើកទី៣០ និងដែលក៏ចំខួប២៥ឆ្នាំ ក្រោយសន្និសីទ អន្តរជាតិស្ដីពីជាជន និងអភិវឌ្ឍន៍ ដែលបានប្រារព្ធនៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប ក្នុងឆ្នាំ១៩៩៤ និងខួបលើកទី២៥ឆ្នាំ ដែលកម្មវិធី សហប្រជាជាតិសម្រាប់ជាជន មានវត្តមាននៅក្នុងព្រះរាជា ណាចក្រ កម្ពុជា។
សម្ដេចបន្តថាក្នុងរយៈពេលជាងពីរឆ្នាំកន្លងមកនេះពិភពលោកទាំងមូលបាននិងកំពុងឆ្លងកាត់វិបត្តិ និងការលំបាកធ្ងន់ធ្ងរមិនធ្លាប់ជួបប្រទះ ពីមុនបណ្ដាលមកពីការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងនោះ កម្ពុជា ក៏បានរងផលប៉ះពាល់ និងជះឥទ្ធិពលអវិជ្ជមានទៅលើការអភិវឌ្ឍ គ្រប់ វិស័យទាំងអស់ ជាពិសេសវិស័យសុខាភិបាល វិស័យអប់រំ វិស័យ ទេសចរណ៍ និងវិស័យផលិតកម្មអតិពលកម្ម ធ្វើឱ្យសេដ្ឋកិច្ចមានការ ធ្លាក់ចុះ។
ឆ្លើយតបទៅនឹងវិបត្តិនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូ វ វិធានការ គោលនយោបាយនានាដើម្បីរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច រក្សាស្ថិរភាពនៃកម្រិតជីវភាពរបស់ប្រជាជននឹងផ្តល់ការឧបត្ថម្ភគាំទ្រថវិកា ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ហើយវិធានការគោល នយោបាយ ទាំងនេះរួមមានការធ្វើអន្តរាគមន៍លើវិស័យសុខាភិបាល សង្គមកិច្ច សេដ្ឋកិច្ចដើម្បីកាត់បន្ថយផលប៉ះពាល់ផ្ទាល់ និងប្រយោល ក្នុងនោះការចាក់វ៉ាក់សាំងក៏ជាវិធានការគន្លឹះដ៏មានប្រសិទ្ធភាព។
សម្ដេចបន្ថែមថា បច្ចុប្បន្នពិភពលោកទាំងមូលមិនត្រឹមតែមិនទាន់ ស្រាកស្រាន្ត ពីជំងឺកូវីដ-១៩ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងទទួលរងនូវផល ប៉ះពាល់បន្ថែមទៀតដោយថាសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី ដែល កំពុង តែបន្តនៅឡើយ និងបាននាំឲ្យមានកំណើនតម្លៃប្រេងឥន្ធនៈ ការខ្វះខាតស្បៀងអាហារ ភាពរអាក់រអួលនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងអតិផរណាសកលក៏ដូចជាភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច និងបរិស្ថាន ដែលកំពុងជះឥទ្ធិពលដល់ជីវភាព រស់នៅរបស់ប្រជាជនលើពិភពលោកទាំងមូលជាពិសេសជីវភាពរស់នៅរបស់ក្រុមជនងាយរងគ្រោះ។
សម្ដេចបានសម្ដែងក្ដីបារម្ភថាបញ្ហាទាំងនោះ នឹងធ្វើឱ្យគោលដៅ អភិវឌ្ឍន៍ ប្រកបដោយចីរភាពសកលជាពិសេសការមិនទុក ឲ្យ នរណាម្នាក់នៅឯការប្រហែលជានឹងមិនអាចសម្រេចបានឡើយរហូតដល់ឆ្នាំ២០៣០ ប្រសិនបើស្ថានភាពដូចបច្ចុប្បន្ននៅតែបន្តអូសបន្លាយ ខណៈកម្ពុជាជាប្រទេសហត្ថលេខីមួយដែលបានចុះលេខាទទួលយកកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្ដីពីប្រជាជន និងអភិវឌ្ឍន៍ មក អនុវត្ត ដោយបានដាក់បញ្ចូលបញ្ហាប្រជាជនទៅក្នុងផែនការ អភិវឌ្ឍន៍ គោលនយោបាយ និងយុទ្ធសាស្ត្រជាតិសំខាន់សំខាន់។
សម្ដេចបានអះអាងជាថ្មីម្តងទៀតថារាជរដ្ឋាភិបាលកម្ពុជាសូមប្ដេជ្ញាចិត្តបន្តគាំទ្រ កម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិស្ដីពីប្រជាជននិង អភិវឌ្ឍន៍ សំដៅសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាពសកលឆ្នាំ២០៣០ ក៏ដូចជាគោលដៅអភិវឌ្ឍន៍ប្រកប ដោយ ចីរភាពកម្ពុជាដែលមិនទុកចោលនរណាម្នាក់ ដើម្បី សុខុមាលភាព របស់កូនចៅជំនាន់ក្រោយរបស់យើងឆ្ពោះទៅរកអនាគតមួយដែលមានភាពធន់ដើម្បីចាប់យកឱកាសនិងធានាសិទ្ធិនិងជម្រើសសម្រាប់ទាំងអស់គ្នា៕ ដោយ៖ រ៉ាវុធ








