ការវិនិយោគផ្ទាល់ ពីបរទេសរបស់ហ្វីលីពីន មានទឹកប្រាក់ ៩៨៩លានដុល្លារ កើនឡើងជិត ៥០% ក្នុងខែមេសា ឆ្នាំ២០២២
ម៉ានីល៖ ធនាគារកណ្តាលហ្វីលីពីននៅថ្ងៃចន្ទដើមសប្តាហ៍នេះបញ្ជាក់ថា ក្នុងខែមេសា ឆ្នាំ២០២២នេះ ការវិនិយោគផ្ទាល់ពីបរទេស (FDI) ចាក់បញ្ចូលទៅក្នុងប្រទេសហ្វីលីពីនបានកើនឡើងដល់ទឹកប្រាក់ ៩៨៩លានដុល្លារ កើនឡើង ៤៨.៣ភាគរយ ខ្ពស់ជាងតួលេខដែលបានកត់ត្រានៅក្នុងខែមេសា ឆ្នាំ២០២១។
ធនាគារ Bangko Sentral ng Pilipinas (BSP) បានបញ្ជាក់ថា ការអភិវឌ្ឍន៍វិជ្ជមាននេះបាននាំលំហូរចូលសុទ្ធនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) សម្រាប់រយៈពេល ៤ខែដំបូង ឆ្នាំ២០២២នេះ មានទឹកប្រាក់ ៣.៤ពាន់លានដុល្លារ ដែលខ្ពស់ជាងលំហូរចូលសុទ្ធចំនួន ៣.១ពាន់លានដុល្លារនៅក្នុងខែមករា ដល់ខែមេសា ឆ្នាំ២០២១។ ធនាគារ BSP បន្ថែមថា លំហូរចូលសុទ្ធនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) កើនឡើងភាគច្រើន ដោយសារតែការកើនឡើង នៃការវិនិយោគសុទ្ធរបស់អ្នកដែលមិនជាប់បំណុលទិញលំនៅដ្ឋាន។
បើតាមធនាគារ BSP ការដាក់មូលធនភាគហ៊ុនក៏បានពង្រីកផងដែរ ដែលភាគច្រើនជាការវិនិយោគមកពីប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងជប៉ុន ហើយបានបញ្ជូនជាចម្បងទៅកាន់វិស័យសំណង់ អចលនទ្រព្យ និងឧស្សាហកម្មផលិតកម្ម៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា




