បងប្អូនខ្មែរអ៊ីស្លាមក្រីក្រ៦ភូមិ នៅខេត្តកំពង់ឆ្នាំង បានទទួលឧបត្ថម្ភសាច់គោពីសប្បុរសជន ក្នុងថ្ងៃបុណ្យរ៉យ៉ាហាជី
កំពង់ឆ្នាំង៖ នៅភូមិស្វាយផ្អែម ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង អំឡុងនៃថ្ងៃបុណ្យរ៉យ៉ាហាជីត្រូវបានប្រជាពលរដ្ឋដែលជាបងប្អូនខ្មែរអ៊ីស្លាមបានប្រារព្ធពីធីបុណ្យរ៉យ៉ាហាជីយ៉ាងអធិកអធម។ក្នុងនេះក៏មាន ការចែកជូនសាច់គោ ពីសប្បុរសជន ដែលត្រូវបានសំឡេះ (Kurban) គោចំនួន៣០ក្បាល ចែកជូន៦ភូមិក្នុងឃុំស្វាយជុក ។
គួរបញ្ជាក់ថាថ្ងៃបុណ្យរ៉យ៉ាហាជី(Eid al-Adha) នាឆ្នាំនេះ ត្រូវបានប្រារព្ធធ្វើឡើងត្រូវនឹងថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០២២ ដែលបានទទួលការគោរព និងប្រកាន់ខ្ជាប់នៃទំនៀមទម្លាប់មួយនេះ របស់បងប្អូនខ្មែរអ៊ីស្លាមស្លាម រស់នៅក្នុងប្រទេសកម្ពុជា។
នាយកប្រតិបត្តិមូលនិធិ Al Ustaz នៃប្រទេសសិង្ហបុរី ដែលដឹកនាំដោយលោក Ustaz Zahid Zin បានអញ្ជើញមកទស្សនកិច្ច និងចែកសាច់គោ ជូនដល់បងប្អូនខ្មែរអ៊ីស្លាមក្រីក្រនៅភូមិស្វាយផ្អែម ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ អំឡុងនៃថ្ងៃបុណ្យរ៉យ៉ាហាជី ដោយមានការជួយសម្របសម្រួលសំណាក់អង្គការសុខិតកាល។
បញ្ជាក់ប្រាប់អ្នកសារព័ត៌មាន លោក Ustaz Zahid Zin បានឱ្យដឹងថាលោកពិតជាមានភាពសប្បាយរីករាយ នៅពេលដែលលោកបានមកដល់ប្រទេសកម្ពុជា។សម្រាប់ការផ្ដល់គោនោះបានចំនួន ៣០ក្បាលនៅខេត្តកំពង់ឆ្នាំង និងពពែ ១៥១ក្បាល ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមនៅខេត្តត្បូងឃ្មុំ ដោយបានជាចែករំលែកនូវក្តីស្រលាញ់និងចូលរួមជួយពីសំណាក់ប្រជាជនសិង្ហបុរីដល់បងប្អូនខ្មែរឥស្លាមក្រីក្រនៅកម្ពុជា។
លោកបានបញ្ជាក់បន្ថែមថាការចែករំលែកបែបនេះមូលនិធិ Al Ustaz ក៏បានធ្វើឡើងនៅក្នុងប្រទេស១១ផ្សេងទៀតផងដែរ៕
ដោយ៖ម៉ាដេប៉ូ






