លោក ហ្សេលេនស្គី៖ អ៊ុយក្រែន-រុស្ស៊ីសម្រេចបានវឌ្ឍនភាពមួយចំនួនក្នុងកិច្ចពិភាក្សាស្តីពីការនាំចេញគ្រាប់ធញ្ញជាតិ
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃពុធសប្តាហ៍នេះថា អ៊ុយក្រែន-រុស្ស៊ីបានធ្វើឱ្យមានការវិវឌ្ឍមួយចំនួននៅក្នុងកិច្ចពិភាក្សាស្តីពីការនាំចេញគ្រាប់ធញ្ញជាតិនៅទីក្រុងអ៊ីស្តង់ប៊ុល ដែលមានការចូលរួមពីតំណាងប្រទេសតួកគី និងអង្គការសហប្រជាជាតិផងដែរ។
លោក ហ្សេលេនស្គី ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មានប្រធានាធិបតីអ៊ុយក្រែនថា គណៈប្រតិភូអ៊ុយក្រែនបានជូនដំណឹងខ្ញុំថា មានការរីកចម្រើនមួយចំនួន… យើងនឹងឯកភាពលើព័ត៌មានលម្អិតជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិនៅប៉ុន្មានថ្ងៃខាងមុខនេះ។ លោកថា អ៊ុយក្រែនកំពុងខិតខំប្រឹងប្រែងយ៉ាងសំខាន់ ដើម្បីស្ដារការផ្គត់ផ្គង់ស្បៀងអាហារទៅកាន់ទីផ្សារពិភពលោក។
នៅព្រឹកថ្ងៃពុធដដែលនេះ គណៈប្រតិភូមកពីអ៊ុយក្រែន រុស្ស៊ី និងតួកគីក៏បានជួបជាមួយគណៈប្រតិភូអង្គការសហប្រជាជាតិនៅទីក្រុងអ៊ីស្តង់ប៊ុល ផងដែរ ដើម្បីស្វែងរកមធ្យោបាយនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនពីកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែនទៅកាន់ទីផ្សារពិភពលោក៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា


