វិមានក្រឹមឡាំងសង្ឃឹមថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក-អារ៉ាប៊ីសាអូឌីតនឹងមិនបង្កើតអរិភាពប្រឆាំងនឹងរុស្ស៊ីឡើយ

ម៉ូស្គូ៖ វិមានក្រឹមឡាំង នៅថ្ងៃពុធសប្តាហ៍នេះ បានបញ្ជាក់ថា រុស្ស៊ីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយរដ្ឋាភិបាលទីក្រុងរីយ៉ាដ ហើយសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត នឹងមិនត្រូវបានប្រើដើម្បីបង្កើតអរិភាពប្រឆាំងនឹងរុស្ស៊ីនោះទេ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ដោយដកស្រង់សម្តីអ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រី ប៉េសកូវ ថា យើងវាយតម្លៃខ្ពស់ចំពោះផលប្រយោជន៍របស់យើង ទំនាក់ទំនងរបស់យើង និងកិច្ចសហប្រតិបត្តិការរបស់យើងជាមួយទីក្រុងរីយ៉ាដ។

លោកបញ្ជាក់ថាយើងសង្ឃឹមថា ការកសាង និងការអភិវឌ្ឍទំនាក់ទំនងរបស់អារ៉ាប៊ីសាអូឌីតជាមួយប្រទេសផ្សេងទៀត នឹងមិនមានវិធីណាមួយប្រឆាំងនឹងយើងឡើយ។

ការអត្ថាធិប្បាយរបស់លោក ប៉េសកូវ ខាងលើនេះ ធ្វើឡើងនៅមុនដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតក្នុងសប្តាហ៍នេះ។

ដំណើរទស្សនកិច្ចនេះ ត្រូវបានគេរំពឹងថា មានគោលបំណងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីជាប្រវត្តិសាស្ត្រ និងភាពជាដៃគូយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិក-អារ៉ាប៊ីសាអូឌីត។ នេះបើតាមសេចក្តីថ្លែងការណ៍របស់តុលាការរាជវង្សអារ៉ាប៊ីសាអូឌីត៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner