លោក ចូ បៃដិន ទៅដល់ទឹកដីអ៊ីស្រាអែលហើយ ដើម្បីបំពេញទស្សនកិច្ចលើកដំបូងនៅតំបន់មជ្ឈិបូព៌ា

យេរូសាឡឹម៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃពុធសប្តាហ៍នេះ បានចាប់ផ្តើមដំណើរទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ាក្នុងប្រទេសអ៊ីស្រាអែល ជាទីដែលភាគីទាំងពីរ (អាមេរិក-អ៊ីស្រាអែល) បានប្តេជ្ញាថា នឹងធ្វើឱ្យស៊ីជម្រៅសមាហរណកម្មរដ្ឋជ្វីហ្វនៅក្នុងតំបន់ ខណៈដែលពួកគេប្រឈមមុខនឹងសត្រូវរួម គឺអ៊ីរ៉ង់។

លោក បៃដិន បាននិយាយបន្ទាប់ពីបានមកដល់ព្រលានយន្តហោះក្បែរទីក្រុង Tel Aviv ថា យើងកំពុងពង្រឹងទំនាក់ទំនងរបស់យើងឲ្យកាន់តែខ្លាំងឡើង… យើងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដែលមិនអាចកាត់ថ្លៃបានរបស់សហរដ្ឋអាមេរិកចំពោះសន្តិសុខរបស់អ៊ីស្រាអែល រួមទាំងការចាប់ដៃគូជាមួយអ៊ីស្រាអែលលើប្រព័ន្ធការពារដ៏ទំនើបបំផុតនៅក្នុងពិភពលោក។

នាយករដ្ឋមន្ត្រីចាំផ្ទះអ៊ីស្រាអែលលោក Yair Lapid ថ្លែងថា យើងនឹងពិភាក្សាអំពីការកសាងសន្តិសុខ និងស្ថាបត្យកម្មសេដ្ឋកិច្ចថ្មីជាមួយប្រជាជាតិនៃមជ្ឈិមបូព៌ា បន្ទាប់ពីកិច្ចព្រមព្រៀងនៅឆ្នាំ ២០២០ ជាមួយអេមីរ៉ាត់អារ៉ាប់រួម បារ៉ែន និងម៉ារ៉ុក ដោយមានការសម្របសម្រួលពីសហរដ្ឋអាមេរិក ហើយយើងក៏នឹងពិភាក្សាអំពីកម្មវិធីអភិវឌ្ឍនុយក្លេអ៊ែររបស់អ៊ីរ៉ង់ផងដែរ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក បៃដិន ខាងលើនេះត្រូវបានគេមើលឃើញថា ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យមានស្ថិរភាពទីផ្សារប្រេង ដែលផ្ទុះឡើងដោយសារសង្គ្រាមនៅអ៊ុយក្រែន តាមរយៈការភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយសម្ព័ន្ធមិត្តយុទ្ធសាស្ត្រដ៏សំខាន់របស់សហរដ្ឋអាមេរិករយៈពេលវែង និងអ្នកផ្គត់ផ្គង់ថាមពលដ៏សំខាន់។

យន្តហោះ Air Force One នឹងធ្វើការហោះហើរត្រង់ជាលើកដំបូងពីអ៊ីស្រាអែលទៅកាន់អារ៉ាប៊ីសាអូឌីត ចំពេលមានកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាងទំនាក់ទំនងរវាងរដ្ឋជ្វីហ្វ និងព្រះរាជាណាចក្រឈូងសមុទ្រអភិរក្សនិយម ដែលមិនទទួលស្គាល់អត្ថិភាពរបស់អ៊ីស្រាអែល៕ ប្រភព៖ CNA និង NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner