សមត្ថកិច្ចជំនាញ ឃាត់ខ្លួនមនុស្ស ៣នាក់ ក្នុងប្រត្តិការចុះបង្ក្រាបគោលដៅ លក់ឧបករណ៍បារីអេឡិចត្រូនិច ចំនួន ៣ ទីតាំងផ្សេងគ្នា ជាបន្តបន្ទាប់
ភ្នំពេញ៖ ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៩ និង៤០នាទី កម្លាំងសមត្ថកិច្ចជំនាញ (ក៥) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោកឧត្ដមសេនីយ៍ទោ សាន សុទ្ធី លោកឧត្តមសេនីយ៍ទោ ឆាយ ហួត លោកឧត្តមសេនីយ៍ត្រី គឹម តូ និងលោកវរសេនីយ៍ទោ ទេព សុវណ្ណដារ៉ា នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងមានការចូលរួមពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ព្រមទាំងមានការដឹកនាំសម្របសម្រួលពី លោក វង្ស សាវ៉ាត ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្ក្រាបគោលដៅលក់ឧបករណ៍បារី អេឡិចត្រូនិច ចំនួន ០៣គោលដៅ ជាបន្តបន្ទាប់ ។
ក្នុងនោះគោលដៅទី១: នៅចំណុច មុខផ្លូវប៉ុស្តិទូរទស្សន៍បាយន្ត សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ចែកចាយ)។ ទីតាំងទី២: នៅចំណុច ផ្ទះលេខ៣០ ផ្លូវ P១០F បូរីប៉េងហួត(បឹងស្នោ)ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ដាក់តាំងលក់ ឧបករណ៍បារីអេឡិចត្រូនិច)។ ទីតាំងទី៣: នៅចំណុច ផ្ទះលេខ ៩៧ ផ្លូវលេខM០២ បុរីប៉េងហួត(បឹងស្នោ)ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ស្តុកឧបករណ៍បារីអេឡិចត្រនិច)។
ជាលទ្ធផល ៖ បានអញ្ជើញមនុស្ស ០៣នាក់៖ ទី១-ឈ្មោះ ខាត់ សារិទ្ធ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ។ ទី២-ឈ្មោះ ភួង ចេងយី ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ។ និងទី៣-ឈ្មោះ ភាវ ផង់ ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ។ សម្រាប់វត្ថុតាងចាប់យកបាន ១-ឧបករណ៍សម្រាប់ជក់ YOOZ(E.CIGARETTE)ចំនួន ៨៦កេស ស្មើ ៥៤០០ដើម។ ២-ទឹកសម្រាប់ជក់ YOOZ (E.CIGARETTE)ចំនួន១០៥កេស ស្មើ៤០៥០ប្រអប់ (១២១៥០ដប)។
បច្ចុប្បន្ន មនុស្ស ៣នាក់ ខាងលើនេះ ត្រូវបានអប់រំ និងធ្វើកិច្ចសន្យាបញ្ឍប់ការធ្វើអាជីវកម្ម រួចអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ ចំពោះវត្ថុតាងចាប់យកបានត្រូវរក្សាទុកនៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីរងចាំគោលការណ៍ពីថ្នាក់ដឹកនាំយកទៅបំផ្លាញចោល ៕ ដោយ ៖ ឆៃហួត



