រថយន្តតូចបុករថយន្តធុនធំពីក្រោយពេញទំហឹងទាំងព្រឹក
ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្ត Nissan Navara គេចពីរថយន្ត មួយគ្រឿងទៀតក៏ជ្រុលចង្កូតទៅបុករថយន្តធុនធំដែលចតអែបកៀនផ្លូវកំពុងដាក់ថ្មចូលក្នុងឃ្លាំងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។ ចំណែកឯស្ត្រីម្នាក់រងរបួសស្រាល។ហេតុការណ៍នេះកើតឡើង កាលពី ម៉ោងជាង៧ព្រឹកថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយ ផ្លូវភ្នំពេញ-ហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេល កើតហេតុគេឃើញរថយន្តធុនធំដឹកថ្មមួយគ្រឿងម៉ាកDAEWOO NOVUS ពណ៌ស្លែ ពាក់ផ្លាកលេខត្បូងឃ្មុំ 3A-0869 បានចតនៅ អែបកៀនផ្លូវដើម្បីដាក់ថ្មចូលក្នុងឃ្លាំង។ ពេលនោះស្រាប់តែមាន រថយន្ត ម៉ាកNISSAN NAVARA ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ2W-6420 បើកបរដោយបុរស និងរួមដំណើរ ដោយស្ត្រីម្នាក់ ធ្វើដំណើរតាមបណ្ដាយផ្លូវភ្នំពេញ-ហាណូយពីជើង ទៅត្បូងក្នុងល្បឿន លឿន ហើយខណៈមកដល់ត្រង់ចំណុចកើតហេតុបានបើក គេចពី រថយន្តមួយគ្រឿងទៀតក៏ជ្រុលចង្កូតទៅបុកចំពីក្រោយរថយន្តធុនធំពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ ចំណែកឯស្ត្រីម្នាក់ ដែលរួមដំណើររងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចបានឱ្យភាគី ទាំងពីរ ធ្វើការសម្របសម្រួលគ្នាដោយភាគីទាំងពីរយល់ព្រម យក រថយន្តទៅជួសជុលរៀងៗខ្លួនដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ដោយ ៖ ជីម ភារ៉ា





