ទំនិញរួចពន្ធម៉ាកល្បីៗគ្រប់ប្រភេទរបស់ក្រុមហ៊ុន CDF Cambodia បានបង្ហាញវត្តមាននៅលើទីផ្សារសំរាប់ប្រជាពលរដ្ឋខ្មែរចូលទិញដោយសេរីបានហើយ
ភ្នំពេញ៖ ទំនិញរួចពន្ធជាច្រើនប្រភេទ របស់ក្រុមហ៊ុន ឆាយណា ឌ្យូធីហ្រ្វី គ្រុប (ខេមបូឌា) ខូអិលធីឌី នៅផ្សារទំនិញរួចពន្ធ cdf ភ្នំពេញ បានរៀបចំពិធីសម្ពោធបើកដាក់ដំណើរការគោលការណ៍លក់ទំនិញរួចពន្ធជូនប្រជាពលរដ្ឋខ្មែរហើយ នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលកម្សាន្ត NagaWorld រាជធានីភ្នំពញ។
ពិធីប្រកាសបើកសម្ពោធផ្សារទំនិញរួចពន្ធនេះធ្វើឡើង ក្រោមវត្តមានរបស់ ឯកឧត្តម សែ សុឃន អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទីប្រឹក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា សភាពាណិជ្ជកម្មចិនប្រចាំកម្ពុជា សមាគមសម្ព័ន្ធខ្មែរចិន មជ្ឈមណ្ឌលកម្សាន្ត NagaWorld ស្ថាប័នរាជរដ្ឋាភិបាល អង្គភាពដៃគូសហការ ជាច្រើនរូបទៀត។
ឯកឧត្តម សែ សុឃន អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានថ្លែងថា៖ ចាប់ពីឆ្នាំ២០២០មក ជម្ងឺកូវីដបានរាតត្បាតនៅពាសពេញពិភពលោក ដើម្បីស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញឱ្យបានឆាប់រហ័ស កាត់បន្ថយសំពាធរបស់សហគ្រាស ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានអនុម័តឱ្យក្រុមហ៊ុន CDF Cambodia សាកល្បងអនុវត្តគោលការណ៍លក់ទំនិញរួចពន្ធជូនប្រជាពលរដ្ឋខ្មែរ។
គោលការណ៍នេះបានផ្តល់ជូននូវជម្រើសថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅ ក្នុងការទិញផលិតផលលំដាប់ថ្នាក់ជាន់ខ្ពស់នៅក្នុងប្រទេសរបស់ខ្លួន ដោយមិនបាច់ធ្វើដំណើរទៅទិញនៅក្រៅប្រទេសទៀតនោះទេ។ ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា កត្តាសុខសន្តិភាព បានបង្កលក្ខណៈងាយស្រួលបន្ថែមដល់វិនិយោគគិនគ្រប់ប្រភេទ អាចយកទំនិញមកដាក់លក់នៅទីផ្សារកម្ពុជា ទៅតាមលក្ខណ្ឌ របស់ខ្លួន ស្របទៅតាមច្បាប់ ហើយទីផ្សារទំនិញរួចពន្ធនេះ និងបានចូលរួមចំណែកយ៉ាងច្រើនក្នុងការជម្រុញសេដ្ឋកិច្ចកម្ពុជាផងដែរ។
លោក Wu Guo Quan ទីប្រឹក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានគួសបញ្ជាក់ថា ក្រោមការខិតខំប្រឹងប្រែងរួមគ្នារវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងក្រុមហ៊ុន CDF Cambodia នៅក្នុងសម័យកាលថ្មីក្រោយកូវីដ ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា គឺជាកម្លាំងចលករជម្រុញដល់ការសម្រេចបាននូវគោលការណ៍ថ្មីមួយសម្រាប់វិស័យលក់រាយទំនិញរួចពន្ធនេះ។
លោក Shao Jian Chen អគ្គនាយកក្រុមហ៊ុន ឆាយណា ឌ្យូធីហ្រ្វី គ្រុប (ខេមបូឌា) ខូអិលធីឌី បានថ្លែងអំណរគុណចំពោះអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាសម្រាប់ការអនុម័តគោលការណ៍នេះ ក្រោមការជួយជ្រោមជ្រែងយ៉ាងពេញទំហឹងពីសំណាក់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទើបធ្វើឱ្យគោលការណ៍លក់ទំនិញរួចពន្ធជូនប្រជាពលរដ្ឋខ្មែរ ត្រូវបានសម្រេចអនុម័តទៅដោយរលូននិងជោគជ័យ ការជម្រុញឱ្យគោលការណ៍នេះវិវត្តទៅយ៉ាងឆាប់រហ័សបែបនេះ បានឆ្លុះបញ្ចាំងឱ្យឃើញអំពីសមត្ថភាពក្នុងការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាពខ្ពស់របស់ស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា គោលការណ៍នេះមិនត្រឹមតែមានគុណប្រយោជន៍ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជម្រុញដល់ការអភិវឌ្ឍថ្មីមួយទៀតនៃវិស័យលក់រាយទំនិញរួចពន្ធនៅក្នុងប្រទេសកម្ពុជាផងដែរ។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបើកដំណើរការគោលការណ៍នេះ ប្រជាពលរដ្ឋខ្មែរអាចទិញទំនិញរួចពន្ធនៅតាមផ្សារទំនិញរួចពន្ធទាំងបីសាខារបស់ CDF ដែលមានផលិតផលជាច្រើនដូចជា ទឹកអប់ គ្រឿងសម្អាង ផលិតផលប្រណិតៗ នាឡិកាដៃ កាបូប វ៉ាលី សម្លៀកបំពាក់និងសម្ភារៈតុបតែងខ្លួន -ល- រួមមានម៉ាកផលិតផលល្បីៗជាង 40ម៉ាក ផ្សេងទៀត ដោយប្រជាពលរដ្ឋខ្មែរអាចទិញផលិតផលដែលមានតម្លៃ ហើយក្នុងមួយឆ្នាំអាចទិញទំនិញរួចពន្ធសរុបជាទឹកប្រាក់រហូតដល់ចំនួន 10,000ដុល្លារអាមេរិកក្នុងម្នាក់ផងដែរ៕ ដោយ ៖ ង៉ាន ទិត្យ











