សិស្សប្រលងជាប់និទ្ទេស «A» ចំនួន៣នាក់ នៅខណ្ឌឫស្សីកែវ ទទួលបានម៉ូតូថ្មីសន្លាង ម្នាក់១គ្រឿងដើម្បីលើកទឹកចិត្តពីលោក ជា ពិសី
ភ្នំពេញ៖ សិស្សានុសិស្សនៅទូទាំងខណ្ឌឫស្សីកែវ ចំនួន៣នាក់ ដែលប្រលងជាប់និទ្ទេស «A» ក្នុងចំណោមសិស្សច្រើននាក់ ទទួលបានម៉ូតូថ្មីសន្លាង ក្នុងម្នាក់ចំនួន១គ្រឿង ដើម្បីលើកទឹកចិត្ត ក្នុងការខិតខំប្រឹងប្រែងរៀនសូត្រ ពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ក្នុងពិធីជួបសំណេះសំណាលជាមួយជាមួយមន្ត្រី លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្ស និងសិស្សចំនួន៣នាក់ ដែលប្រលងជាប់និទ្ទេស «A» ដើម្បីប្រគល់ម៉ូតូលើកទឹកចិត្តក្នុងម្នាក់ៗ ចំនួន១គ្រឿង ដែលប្រព្រឹត្តឡើងនាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ម្សិលមិញ ក្រោមអធិបតីភាពអភិបាលខណ្ឌឫស្សីកែវ គឺរៀបចំធ្វើឡើងក្រោយពីបញ្ចប់សម័យប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩ រយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃច័ន្ទទី១៩ ដល់ថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០១៩ រហូតចេញជាលទ្ធផលផ្លូវការនាពេលកន្លងទៅ។
ក្នុងពិធីនេះដែរ លោក ជា ពិសី ថ្លែងថា លោកពិតជាមានមោទនភាពចំពោះអ្នកដែលមានសមត្ថភាពប្រឡងជាប់និទ្ទេស «A» ណាស់។ ក្រៅពីទទួលបានម៉ូតូថ្មីសន្លាង១គ្រឿង ក្នុងម្នាក់ៗ ដើម្បីលើកទឹកចិត្ត ក្នុងការខិតខំប្រឹងប្រែងរៀនសូត្រនេះ វាក៏ជាមុខមាត់ និងកិត្តិយសសម្រាប់ក្រុមគ្រួសារ និងលោកគ្រូអ្នគ្រូ ដែលបានខិតខំបង្រៀនអស់ជាច្រើនឆ្នាំ សម្រាប់ការកសាងធនធាន មនុស្សដ៏សំខាន់របស់ប្រទេសជាតិ នាពេលអនាគត៕ម.ន ដោយៈ ហាស់ កំសាន្ដ







