ក្រុមបាល់ទះអង្គុយជនពិការនារី បង្ហាញឆន្ទៈខ្ពស់ទោះចូលរួមប្រកួតជាលើកដំបូងក៏ដោយ ត្រូវប្រឹងប្រែងអោយសមត្ថភាពស្វែងរកលទ្ធផលល្អជូនកម្ពុជា ត្រៀមអាស៊ានប៉ារ៉ាហ្គេម ២០២៣
ភ្នំពេញ៖ ប្រធានក្រុមបាល់ទះអង្គុយជនពិការនារី កីឡាការិនី គង់ ស្រស់ ថ្លែងបញ្ជាក់ថា ការចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នាទីក្រុង សូឡូ ប្រទេសឥណ្ឌូណេស៊ី ឆ្នាំ២០២២ខាងមុខនេះ ពិតជាមានមោទនភាពខ្លាំង ដែលក្លាយជាក្រុមកីឡាការិនីបាល់ទះប្រកួតតំណាងកម្ពុជា ជាមួយគ្នា គង់ ស្រស់ បានប្តេជ្ញាចិត្តខ្ពស់ប្រឹងប្រែងអោយអស់ពីសមត្ថភាពស្វែងរកលទ្ធផលល្អ ជូនកម្ពុជាអោយបានទោះជាការបង្ហាញខ្លួនជាលើកដំបូងក៏ដោយ ។ ការថ្លែងបែបនេះធ្វើឡើង ក្នុងទីលានហ្វឹកហាត់ នាមជ្ឈមណ្ឌលជនពិការតេជោសែន ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីចុងសប្តាហ៍កន្លងទៅ ។
កីឡាការិនី គង់ ស្រស់ បន្តទៀតថា ការចេញទៅចូលរួមប្រកួតលើកនេះទោះបានជ័យលាភី ឬមិនបាន នៅប្រទេសឥណ្ឌូណេស៊ី ក៏ត្រូវតែប្រឹងប្រែងបន្ថែមទៀត ដើម្បីទទួលយកបទពិសោធន៍ ពីព្រឹត្តការណ៍កម្រិតអន្តរជាតិមួយនេះ ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។ គង់ ស្រស់ ថា ការចូលរួមនេះ កម្ពុជាក៏ថ្មី ប្រទេសមួយចំនួនក៏ថ្មី តែសម្រាប់ក្រុមកីឡាការិនីថៃ គឺអាចនិយាយបានថា មានកម្រិតខ្ពស់ជាងគេដោយសារពួកគេបានធ្វើការហ្វឹកហាត់ជាច្រើនឆ្នាំជាមួយក្រុមបុរស ។ កីឡាការិនីប្រធានក្រុមរូបនេះ អះអាងថា កាហ្វឹកហាត់មានការលំបាកខ្លាំងដោយប្តូរពីបាល់បោះជិះរទេះ មកបាល់ទះអង្គុយ ។ ដោយសារថា បាល់បោះជិះរទេះ ជិះរទេះហើយបង្វិល រីឯបាល់ទះអង្គុយ គឺរំកិល ពេលខ្លះចាប់បាល់មានការលំបាកដោយសារពួកខ្ញុំជានារី ធ្វើអោយប៉ះពាល់ពេលរំកិល ប៉ុន្តែពួកខ្ញុំនឹព្យាយាម ។
កីឡាការិនី គង់ ស្រស់ បន្ថែមថា ដោយសារមានការលើកចិត្តពីក្រុមគ្រួសារ និងឯកឧត្តម យី វាសនា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជជាណាចក្រកម្ពុជា បានធ្វើអោយខ្ញុំមានមានភាពកក់កក្តៅ ខិតខំបន្ថែមទៀត ដើម្បីនាំមោទនភាពជូនជាតិ ។
គួរបញ្ជាក់ថា ប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ទៅប្រទេសឥណ្ឌូណេស៊ី គឺមាន៣ក្រុម ដែលដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងជាអនុប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។
ប្រតិភូទី១គឺក្រុមអត្តពលិក និងគ្រូបង្វឹកទៅចូលរួមការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១។ ប្រតិភូទី២គឺក្រុមការងារទៅរៀនសូត្រ និងដកស្រងបទពិសោធន៍គ្រប់យ៉ាងដើម្បីយកចំណេះដឹងមករៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា និងប្រតិភូទី៣គឺក្រុមការងារសម្តែងដើម្បីទទួលទង់សហព័ន្ធកីឡាអាស៊ានប៉ារ៉ាក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។
សម្រាប់ការធ្វើដំណើរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានយល់ព្រមឲ្យមានការរៀបចំយន្ដហោះពិសេសសម្រាប់ដឹកជញ្ជូនអត្តពលិកមានពិការភាពកម្ពុជាទៅឥណ្ឌូណេស៊ី ហើយក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airlines ក៏បានយល់ដឹកជញ្ជូនទៅមកដោយឥតគិតថ្លៃ ដែលគ្រោងចេញដំណើរនាថ្ងៃទី២៦ ខែកក្កដា និងវិលត្រឡប់មកមាតុភូមិវិញ នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ ។
សូមបញ្ជាក់ថា ព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅឥណ្ឌូនេស៊ី កម្ពុជានឹងបញ្ជូន១១ប្រភេទកីឡា រួមមាន អត្តពលកម្ម ហែលទឹក បាល់ទះអង្គុយបុរស និងនារី បាល់បោះរទេះបុរស និងនារី បាល់បោះជនពិការភ្នែក បាល់ទាត់៧ម្ខាង (ចលករខួរក្បាល) វាយកូនឃ្លីលើតុ វាយសី លើកទម្ងន់ អុក និងប៊ូស្យា ។ សូមរំលឹកថា ក្នុងព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី៩ នៅប្រទេសម៉ាឡេស៊ី កម្ពុជាដណ្តើមបានមេដាសរុប១០គ្រឿង ប្រាក់៥ និង៥សំរិទ្ធ ៕ ចាន់ វិចិត្រ



