កីឡាករកាយវប្បកម្មកម្ពុជា ឆឹង ណូរ៉ា បង្ហាញមោទកភាព ក្រោយរកបានមេដាយមាសជូនជាតិ ពីការប្រកួតអន្តរជាតិ នៅប្រទេសម៉ាល់ឌីវ

ភ្នំពេញ ៖ ក្រោយរកបានមេដាយមាស ១គ្រឿង ជូនមាតុភូមិ ពីការប្រកួតនៅប្រទេសម៉ាល់ឌីវ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាកាយវប្បកម្ម និងលំហាត់ប្រាណអាស៉ី លើកទី៥៤ ឆ្នាំ២០២២នេះ (54th Asian Bodybuilding and Physique Sports Championship-2022) កីឡាករកាយវប្បកម្មកម្ពុជា ឆឹង ណូរ៉ា បានបង្ហាញមោទនភាពយ៉ាងខ្លាំង។

មុនទៅប្រកួតនៅប្រទេសម៉ាល់ឌីវ ឆឹង ណូរ៉ា ធ្លាប់លើកឡើងថា លោកមានក្តីសុបិន្តចង់ឈ្នះមេដាយមាសជូនជាតិ។ ក្រោយឈ្នះមេដាយមាស ពីការប្រកួតនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ លោក ឆឹង ណូរ៉ា បានបញ្ជាក់តាមរយៈបណ្តាញសង្គម Facebook យ៉ាងដូច្នេះថា «ខ្ញុំលើកពានជូនកម្ពុជាបានហើយ។ ជួបគ្នាឆាប់ៗ មាតុប្រទេសជាទីស្រឡាញ់»។

ឆឹង ណូរ៉ា បានថ្លែងអំណរគុណដល់លោកគ្រូបង្វឹក ដោយចាត់ទុកថា គ្រូបង្វឹកគឺជាឪពុកម្តាយទីពីររបស់លោក។ លោកថ្លែងថា បើសិនជាគ្មានគ្រូបង្វឹកជួយបណ្ដុះបណ្ដាល បង្ហាត់បង្រៀន និងជួយតម្រង់ផ្លូវ ក៏លោកមិនមានឱកាសឈ្នះដែរ។ កីឡាករកាយវប្បកម្មរូបនេះ ក៏សូមថ្លែងអំណរគុណក្រុមគ្រួសារ និងបងប្អូនទាំងអស់ដែលអាណិតស្រលាញ់រាប់អាន។ «ខ្ញុំមិននឹកស្មានថា បានស្តាប់ភ្លេងជាតិខ្មែររបស់ប្រទេសខ្ញុំ នៅលើឆាកអន្តជាតិសោះ។ សប្បាយចិត្តចុះបងប្អូន!»។ នេះជាការសម្តែងក្តីរំភើប របស់ ឆឹង ណូរ៉ា។

សូមជម្រាបថា ព្រឹត្តិការណ៍ប្រកួតកីឡាកាយវប្បកម្ម និងលំហាត់ប្រាណអាស៉ី លើកទី៥៤ ឆ្នាំ២០២២ បាននិងកំពុងរៀបចំឡើង នៅប្រទេសម៉ាល់ឌីវ ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២១ ខែកក្កដា។ បើតាមលោក តឹក ប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ថ្លែងប្រាប់ពីប្រទេសម៉ាល់ឌីវ ឲ្យដឹងថា កីឡាករកាយវប្បកម្មកម្ពុជា ទៅចូលរួមប្រកួត មានចំនួន ២នាក់។ លោកបានកោតសរសើរ ចំពោះ ឆឹង ណូរ៉ា ដែលបានឈ្នះមេដាយមាស ពីការប្រកួតអន្តរជាតិបែបនេះ។

សូមជម្រាបថា ឆឹង ណូរ៉ា បានឈ្នះមេដាយមាសក្នុងវិញ្ញាសារ Men’s Athletic Physique ដោយមេដាយសំរិទ្ធ បានទៅកីឡាករ Syed Faizal Ali និងមេដាយប្រាក់ បានទៅកីឡាករ Mohd Syarul Azman Mahen Abdullah ដែលជាកីឡាករ របស់ម៉ាឡេស៉ី។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតអាស៉ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានអបអរសាទរចំពោះកីឡាករកាយវប្បកម្មកម្ពុជា ឆឹង ណូរ៉ា ចំពោះជ័យជម្នះមួយនេះ។ សម្តេចចាត់ទុកថា កីឡាលើកមុខមាត់ប្រទេសជាតិលើឆាកអន្តរជាតិ និងកីឡាជាទូតសន្តិភាព៕ Page

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner