រលកកំដៅដ៏អាក្រក់ នៅអេស្ប៉ាញឆក់យកជីវិតមនុស្ស ៦៧៩នាក់ ក្នុងពេលមួយសប្តាហ៍

ម៉ាឌ្រីដ៖ ក្រសួងសុខាភិបាលអេស្ប៉ាញបានរាយការណ៍នៅថ្ងៃពុធសប្តាហ៍នេះថា មនុស្សចំនួន ៦៧៩នាក់បានបាត់បង់ជីវិតក្នុងរយៈពេល៧ថ្ងៃដំបូង ពោលគឺចាប់ពីថ្ងៃទី១០ ដល់១៧ ខែកក្កដាកន្លងមកនេះ ដោយសារតែរលកកំដៅទីពីរដែលបានវាយប្រហារប្រទេសអេស្ប៉ាញនៅរដូវក្តៅនេះ ។

វិទ្យាស្ថានសុខភាព Carlos III (ISCIII) របស់អេស្ប៉ាញ បានបញ្ជាក់ថា មនុស្សស្លាប់ចំនួន ១៦៩នាក់បានកើតឡើងនៅថ្ងៃទី១៧ ខែកក្កដា តែមួយប៉ុណ្ណោះ។ បើតាមវិទ្យាស្ថានសុខភាពនេះ ជនរងគ្រោះបាត់បង់ជីវិតចំនួន ៤៣០នាក់ក្នុងចំណោម ៦៧៩នាក់ខាងលើនេះ គឺមានអាយុពី ៨៥ឆ្នាំ ឬលើសពីនេះ, ១៥៩នាក់មានអាយុចន្លោះពី ៧៥ ទៅ ៨៤ឆ្នាំ ហើយ ៥៨នាក់មានអាយុចន្លោះពី ៦៥ ទៅ ៧៤ឆ្នាំ។

រលកកំដៅទីពីរនៃរដូវក្តៅនេះបានបញ្ចប់ ជាមួយនឹងសីតុណ្ហភាពទាបជាងបន្តិចកាលពីថ្ងៃអង្គារសប្តាហ៍នេះ ប៉ុន្តែមានការរំពឹងថា សីតុណ្ហភាពនឹងកើនឡើងលើសពី ៤០អង្សាសេម្តងទៀតនៅតាមបណ្តាប្រទេសជាច្រើននៅមុនចុងសប្តាហ៍នេះ។

វិទ្យាស្ថានដដែលបានបញ្ជាក់ទៀតថា រលកកំដៅដំបូងនៃឆ្នាំ២០២២ នៅក្នុងប្រទេសអេស្ប៉ាញ បានអូសបន្លាយពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៧ ខែមិថុនា ហើយបានបណ្តាលឱ្យមនុស្ស ៨២៩នាក់បានស្លាប់។ គិតមកទល់ពេលនេះ មនុស្សសរុបប្រមាណ ១,៥០៨នាក់បានស្លាប់នៅក្នុងប្រទេសអេស្ប៉ាញនៅរដូវក្តៅនេះ ដោយសារតែការកើនឡើងកំដៅខ្លាំងពេក៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner