រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំ ស្តីពីយុទ្ធនាការចុះបង្ក្រាបបទល្មើសផលផល ក្នុងភូមិសាស្ត្រខេត្ត
សៀមរាប៖ នៅរដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំពិភាក្សា និងស្តាប់របាយការណ៍ប្រចាំខែ ស្តីពីយុទ្ធនាការចុះបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រខេត្ត នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ពិន ប្រាកង អភិបាលរងខេត្តសៀមរាប អភិបាលស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត បានចូលរួមជាច្រើននាក់ផងដែរ។
យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តនោះ បានធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលនៃការបង្ក្រាបបទល្មើសនេសាទ ដោយការដកហូតឧបករណ៍នេសាទល្មើសច្បាប់គ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដើម្បីចូលរួមទប់ស្កាត់បទល្មើសជលផល់នៅក្នុងដែននេសាទបឹងទន្លេសាប និងក្នុងគោលបំណងគ្រប់គ្រង ប្រើប្រាស់ធនធានជលផលប្រកបដោយនិរន្តរភាព ។
របាយការណ៍ដដែល បានបន្តថា កន្លងមកក្រុមការងារចម្រុះយើង បានសហការជាមួយក្រុមការងារពិនិត្យ ស្រាវជ្រាវ និងបង្ក្រាបបទល្មើសជលផល ក្រុង ស្រុក ដោយបានបង្ក្រាបបទល្មើសជលផលជាច្រើន ព្រមទាំងបានបំផ្លាញចោលនៅនឹងកន្លែង និងករណីការកាប់គាស់ទន្ទ្រានឈូសឆាយដីព្រៃលិចទឹក គឺត្រូវបានកម្លាំងចម្រុះរៀបចំសុំណុំរឿងដើម្បីបញ្ចូនទៅកាន់សាលាដំបូងខេត្តសៀមរាប នឹងត្រូវអនុវត្តទៅតាមនីតិវិធីផងដែរ ។
ទន្ទឹមនឹងនោះដែរ ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៏ថា ដើម្បីបង្កើនកិច្ចសហការជាមួយគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលថ្នាក់ជាតិ គណៈបញ្ជាការឯកភាពក្រុង-ស្រុក និងស្ថាប័នអយ្យការសាលាដំបូងខេត្ត ត្រូវតែបន្តយកចិត្តនឹងផ្សព្វផ្សាយច្បាប់លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ និងការគ្រប់គ្រងវិស័យជលផលដល់ប្រជានេសាទ និងអាជ្ញាធរមូលដ្ឋានឲ្យបានល្អប្រសើរ សូមឲ្យក្រុមការងារយើងត្រូវតាមដានស្រាវជ្រាវទប់ស្កាត់ នឹងបង្ក្រាបបទល្មើសជលផលឲ្យទាន់ពេលវេលាជាបន្តទៀត ។
ឯកឧត្តម បន្តថា ពាក់ព័ន្ធនឹងការបោះបង្គោលព្រំនៅក្នុងតំបន់៣នោះ ដែលមានបង្គោលប្រមាណជាង ៩០បង្គោល គឺគ្រោងនឹងបោះឲ្យរួចរាល់នៅក្នុងខែសីហាខាងមុខនេះហើយ ៕ ដោយ ស៊ាន សុផាត





