អង់គ្លេសប្រកាសផ្តល់កញ្ចប់ជំនួយសព្វាវុធបន្ថែមទៀត ដល់អ៊ុយក្រែន

ឡុដ៍៖ អង់គ្លេសនឹងធ្វើការបញ្ជូនកាំភ្លើងធំជាច្រើនដើម និងអាវុធប្រឆាំងរថក្រោះជាង ១.៦០០ដើមទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងការផ្គត់ផ្គង់អាវុធចុងក្រោយបង្អស់របស់លោកខាងលិច ដើម្បីជួយពង្រឹងការការពារប្រទេសនេះប្រឆាំងនឹងរុស្ស៊ី។

រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក បេន វ៉ាល់លេស៍ បាននិយាយថា កញ្ចប់ជំនួយសព្វាវុធខាងលើនេះនឹងធានាថា ប្រជាជនអ៊ុយក្រែនមានឧបករណ៍ដើម្បីការពារប្រទេសរបស់ពួកគេពីការឈ្លានពានខុសច្បាប់របស់លោក ពូទីន។

លោក វ៉ាល់លេស៍ បន្ថែមថា អង់គ្លេសក៏នឹងផ្តល់ប្រព័ន្ធរ៉ាដាប្រឆាំងជើងទម្របាញ់រ៉ុក្កែត យន្តហោះដ្រូនរាប់រយ និងគ្រាប់ផ្លោងជាង ៥០.០០០គ្រាប់ដល់អ៊ុយក្រែនផងដែរ។ ការប្រកាសខាងលើនេះ ធ្វើឡើងបន្ទាប់ពីការសន្យារបស់រដ្ឋាភិបាលអង់គ្លេសកាលពីខែមុន ក្នុងការផ្តល់ជំនួយផ្នែកយោធាចំនួន១ពាន់លានផោន ឬស្មើនឹងប្រមាណ ១.២ពាន់លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន។

ពាក់ព័ន្ធនឹងការផ្តល់ជំនួយយោធាខាងលើនេះដែរ នៅក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅថ្ងៃពុធសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡារូវ បានគូសបញ្ជាក់ថា យុទ្ធសាស្ត្ររបស់ទីក្រុងម៉ូស្គូបានផ្លាស់ប្តូរហើយ បន្ទាប់ពីបណ្តាប្រទេសលោកខាងលិចបានផ្គត់ផ្គង់ដល់អ៊ុយក្រែន ជាមួយនឹងអាវុធដ៏មានឥទ្ធិពលកាន់តែខ្លាំង៕ ប្រភព៖ BBC ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner