សេតវិមាន៖ សហរដ្ឋអាមេរិកនឹងផ្ដល់ជំនួយយោធាបន្ថែម ២៧០លានដុល្លារដល់អ៊ុយក្រែន
កៀវ៖ សេតវិមាន នៅថ្ងៃសុក្រសប្តាហ៍នេះ បានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងផ្ដល់ជំនួយយោធាបន្ថែម ២៧០លានដុល្លារទៀតដល់អ៊ុយក្រែន ដើម្បីបង្កើនការការពារប្រទេសខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ក្នុងនោះថវិកា១០០លានដុល្លារសម្រាប់យន្តហោះដ្រូន ខណៈការប្រយុទ្ធគ្នានៅតែក្តៅគគុកនៅភាគខាងកើតអ៊ុយក្រែន។
សេចក្តីប្រកាសនេះបាននាំឲ្យជំនួយសន្តិសុខសរុបរបស់សហរដ្ឋអាមេរិក ដែលផ្តល់ឲ្យអ៊ុយក្រែនដោយរដ្ឋបាលរបស់លោក ចូ បៃដិន កើនដល់ទៅ ៨.២ពាន់លានដុល្លារ។
ជាមួយគ្នានេះ អ្នកសម្របសម្រួលទំនាក់ទំនងជាយុទ្ធសាស្ត្ររបស់ក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានលោក John Kirby បានបញ្ជាក់ថា ជំនួយចុងក្រោយនេះក៏រួមបញ្ចូលផងដែរ នូវគ្រាប់កាំភ្លើងធំចំនួន ៣៦,០០០ គ្រាប់ និងគ្រាប់បន្ថែមសម្រាប់ប្រព័ន្ធមីស៊ីល HIMARS។
លោក Kirby បន្ថែមថា លោកប្រធានាធិបតីបានបញ្ជាក់ច្បាស់ៗថា យើងនឹងបន្តគាំទ្ររដ្ឋាភិបាល និងប្រជាជនរបស់អ៊ុយក្រែន ដរាបណាពួកគេត្រូវការ។
គួរបញ្ជាក់ថា កញ្ចប់ជំនួយយោធាថ្មីខាងលើនេះរួមមានទាំងប្រព័ន្ធរ៉ុកកែត HIMARS ហើយនឹងអនុញ្ញាតឲ្យអ៊ុយក្រែនទទួលបានយន្តហោះគ្មានមនុស្សបើក Phoenix Ghost រហូតដល់ទៅ ៥៨០គ្រឿង។
អាវុធទាំងពីរនេះសុទ្ធតែជាប្រព័ន្ធអាវុធដ៏សំខាន់ ដែលអនុញ្ញាតឲ្យអ៊ុយក្រែនបន្តក្នុងការប្រយុទ្ធ ថ្វីបើកាំភ្លើងធំរបស់រុស្ស៊ីមានថាមពលខ្លាំងជាងក៏ដោយ៕ ប្រភព៖ Aljazeera ប្រែសម្រួល៖ ទីណា និងបុត្រា




