ខ្មាន់កាំភ្លើងបាញ់សម្លាប់លោក អាបេ ត្រូវបាន ផ្ទេរទៅខាងជំនាញវាយតម្លៃវិកលចរិត
តូក្យូ៖ ព្រះរាជអាជ្ញាជប៉ុនបានបញ្ជូនជនសង្ស័យ នៅក្នុង ករណីបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រី អាបេ ស៊ីនហ្សូ(Abe Shinzo )ទៅកាន់ផ្ទះឃុំឃាំងក្នុងទីក្រុងអូសាកា( Osaka) ដើម្បីធ្វើការវាយតម្លៃផ្នែកវិកលចរិក។
ជនសង្ស័យ អ៊ីយ៉ាម៉ាហ្គាមិ តេត្សូយ៉ា(Yamagami Tetsuya) បានមកដល់ទីតាំងឃុំខ្លួនអូសាកានេះ នៅព្រឹក ថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២ ប្រហែលមួយ ម៉ោងបន្ទាប់ ពីចាកចេញ ពីប៉ុស្តិ៍នគរបាល ក្នុងទីក្រុងណារ៉ា ។
បុរសអាយុ ៤១ ឆ្នាំរូបនេះត្រូវបានចាប់ខ្លួននៅថ្ងៃទី ៨ ខែ កក្កដា បន្ទាប់ពីការបាញ់សម្លាប់លោក Abe ក្នុងអំឡុងពេល ថ្លែងសុន្ទរកថាយុទ្ធនាការមួយនៅទីក្រុងភាគខាងលិចប្រទេសជប៉ុន។
ជនសង្ស័យ Yamagami នឹងត្រូវឆ្លងកាត់ការធ្វើតេស្តដោយ អ្នកជំនាញផ្លូវចិត្តនៅឯកន្លែងឃុំឃាំង ដើម្បីកំណត់ថាតើ គាត់អាចទទួលខុសត្រូវព្រហ្មទណ្ឌឬយ៉ាងណា?។
គាត់នឹងត្រូវបានឃុំខ្លួនសម្រាប់ការវាយតម្លៃផ្នែកវិកលចរិក រយៈពេលប្រហែល៤ ខែ គឺរហូតដល់ថ្ងៃទី ២៩ ខែវិច្ឆិកា។
ព្រះរាជអាជ្ញាសាធារណៈ នៅណារ៉ានឹងសម្រេចចិត្តថាតើត្រូវ ចោទប្រកាន់គាត់ដោយផ្អែកលើលទ្ធផល៕
ប្រភពពី NHK , ប្រែសម្រួលដោយ៖ សារ៉ាត




