កិច្ចប្រជុំសវនកម្មផ្ទៃក្នុង សម្រាប់កាលបរិឆ្ឆេទឆ្នាំ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ ៖ កិច្ចប្រជុំសវនកម្មផ្ទៃក្នុងសម្រាប់កាលបរិឆ្ឆេទឆ្នាំ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ ត្រូវបានរៀបចំឡើងនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានធ្វើសេចក្តីរាយការណ៍ថា ៖ ក្នុងរយៈពេល០៦ ឆ្នាំ២០២២នេះ បទល្មើសព្រហ្មទណ្ឌកើតមាន ៤១លើកលើ ៥៤លើកថយចុះ ២៤% បណ្តាលឲ្យស្លាប់ ០៧នាក់ របួស ១៩នាក់ រងគ្រោះ ១៨នាក់ បាត់ម៉ូតូ ០៨គ្រឿង ក្នុងនោះបទល្មើសឧក្រិដ្ឋ ១២លើ១៥ករណី ថយចុះ ២០%,បទល្មើសមជ្ឈឹម ២៩លើ៣៩ករណី ថយចុះ ២៦% ។ ចេញបង្ក្រាប ៣១លើ៤១លើក ស្មើនឹង ៧៦% ឃាត់ខ្លួន ៤៥នាក់ ដកហូតម៉ូតូ ១៤គ្រឿងនិងសម្ភារៈមួយចំនួន។
បទល្មើសគ្រឿងញៀនខុសច្បាប់ បង្ក្រាបបាន ១១៥លើក លើ ១៩៨លើក ឃាត់ខ្លួន ២៤៤នាក់ ស្រី ១៤នាក់ ក្នុងនោះ ករណីជួញដូរនិងចែកចាយ ៦៥លើ ជនសង្ស័យ ១៥៨នាក់ ស្រី ១២២នាក់,ករណីប្រើប្រាស់ ៥០លើក ជនសង្ស័យ ៨៦នាក់ ស្រី ០២នាក់ ដកហូតវត្ថុតាង ថ្នាំញៀន(WY) ចំនួន ៣៤៣.១៩ក្រាម,ម៉ាទឹកកក( Ice ) ចំនួន ៣,៧៦៧.៦១ក្រាម ,ម៉ូតូ ០៩គ្រឿង,ទូរស័ព្ទដៃ ១២១គ្រឿង, កាំភ្លើងខ្លី ០៣ដើម,កាំបិទ ១៩ដើម,ជញ្ជីង ១០គ្រឿង,លុយខ្មែរ ៣៦០,០០០រៀលនិងឧបករណ៍សម្ភារៈមួយចំនួនទៀត ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏ដូចជារដ្ឋបាលខេត្ត កងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានយកចិត្តទុកដាក់ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនគណបក្សនយោបាយ ក៏ដូចជាប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ បានល្អប្រសើរ ធ្វើឱ្យដំណើរការ នៃការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន សេរី យុត្តិធម៌ មានតម្លាភាព គ្មានអំពើហឹង្សា ការគម្រាមកំហែងនោះឡើយ។
លោកឧត្តមសេនីយ៍ឯក សុខ សារ៉េត អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្ម ក្រសួងមហាផ្ទៃ បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ដែលបានយកចិត្តទុកដាក់ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងអំឡុងពេលទាំងមុនការបោះឆ្នោតនិងក្រោយការបោះឆ្នោត ដែលឲ្យការងារបោះឆ្នោតនេះប្រព្រឹត្តទៅដោយរលូន សេរី យុត្តិធម៌ មានតម្លាភាព គ្មានអំពើហឹង្សា ការគម្រាមកំហែងនិងអំពើចលាចលណាមួយកើតឡើងក្នុងខេត្តនេះ ។
លោកឧត្តមសេនីយ៍ឯក សុខ សារ៉េត បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំនាយកដ្ឋានសវនកម្មតែងតែចុះធ្វើការងារជាប្រចាំ តែដោយសាររយៈពេល ០២ឆ្នាំកន្លងមកនេះ មានការអាក់ខានមិនបានធ្វើ ដោយសារជម្ងឺកូវីដ-១៩ មិនបានចុះធ្វើសវនកម្មទើបតែពេលនេះយើងដំណើរការឡើងវិញនាឆ្នាំ២០២២នេះ ក្នុងគោលបំណងទី១-ដោយផ្តោតសំខាន់ពិនិត្យបញ្ជីគ្រប់គ្រងមន្ត្រីនគរបាលជាតិយើង នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនេះចាប់ពីស្នងការដ្ឋាន រហូតដល់ អធិការដ្ឋាន នគរបាលក្រុង ស្រុកទាំង០៩និងវរសេនាតូច ការពារព្រំដែនគោកទាំង០៤ មានកម្លាំងជាក់ស្តែងប៉ុន្មានពិតប្រាកដ និងមានបញ្ហាប្រឈមអ្វីខ្លះ ដើម្បីក្រសួងងាយស្រួលមានវិធានការបន្ថែមឬបន្ថយ។ទី០២-ហិរញ្ញវត្ថុនិងទី០៣-ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ៕ ដោយ៖ ឃិន គន្ធា







