អត្តពលិកកីឡាសីដក់ និងឈិនឡូនកម្ពុជា ដណ្តើមបានមេដាយ៣គ្រឿង ពីការប្រកួតជេីងឯកពិភពលោក”ពានរង្វាន់ព្រះមហាក្សត្រថៃ”លេីកទី៣៥
បាងកក៖ ព្រឹត្តិការណ៍ប្រកួតកីឡាសីដក់ជ្រេីសរេីសជេីងឯកពិភពលោក”ពានរង្វាន់ព្រះមហាក្សត្រថៃ”លេីកទី៣៥ ( The 35 King Cup Sepaktakraw world championships) នៅទីក្រុង បាងកក ប្រទេសថៃ គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ អត្តពលិកកីឡាសីដក់ និងឈិនឡូនកម្ពុជា ដណ្តើមបានមេដាយសរុប៣គ្រឿង ។
តាមការបញ្ជាក់ពីលោក ទី លីឈ័ង មន្រ្តីសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា បានអោយដឹងថា ព្រឹត្តការណ៍កម្រិតពិភពលោកខាងលើនេះ សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា បានបញ្ជូន ប្រតិភូ២រូប គ្រូបង្វឹក៤រូប កីឡាករ១៨រូប កីឡាការិនី ៨រូប ចូលរួម ប្រកួតលើវិញ្ញាសា ជាក្រុម បុរស -នារី មានវិញ្ញាសាបុរស ៤នាក់ទល់៤នាក់ ( Men’s Quard ) , វិញ្ញាសា ទាត់សីចូលកន្ត្រក (Hoop Event )បុរស នារី ។
ជាលទ្ធផល កម្ពុជា ដណ្តើមបានមេដាយសរុប៣គ្រឿង គឺលើវិញ្ញាសា ៤នាក់ទល់៤នាក់ មេដាយប្រាក់១គ្រឿង , វិញ្ញាសាបុរសទាត់សីចូលកន្ត្រក មេដាយ ប្រាក់១ និងវិញ្ញាសានារី ទាត់សីចូលកន្ត្រក មេដាយសំរឹទ្ធ១ ។ ខណៈកម្ពុជា នៅសល់២ប្រកួតទៀត គឺវិញ្ញាសាក្រុមបុរស និងវិញ្ញាសាក្រុមនារី ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាសីដក់ជ្រេីសរេីសជេីងឯកពិភពលោក”ពានរង្វាន់ព្រះមហាក្សត្រថៃ”លេីកទី៣៥ ( The 35 King Cup Sepaktakraw world championships) នៅទីក្រុង បាងកក ប្រទេសថៃ ចាប់ផ្តើមពីថ្ងៃទី២៤ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ដោយមាន៣៦ប្រទេសចូលរួម ៕ ចាន់ វិចិត្រ



