សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យប្រធានគណៈកម្មាធិការ មជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ចូលជួបសម្តែងការគួរសម
ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ដុ វ៉ាន់ចៀន គណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។
ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវសេចក្តីរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម ដុ វ៉ាន់ចៀន និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចជឿជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម និងគណៈប្រតិភូនៅកម្ពុជានាឱកាសនេះ នឹងរួមចំណែកពូនជ្រុំ និងលើកកម្ពស់ទំនាក់ទំនងដ៏ល្អរវាងប្រទេស និងប្រជាជន នៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត។
ឯកឧត្តម ដុ វ៉ាន់ចៀន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលដ៏មានតម្លៃទទួលជួបគណៈប្រតិភូនាពេលនេះ។ ឯកឧត្តមបានជម្រាបថា នេះគឺជាលើកទី១ហើយ ដែលឯកឧត្តមបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមក៏បានពាំនាំនូវការសួរសុខទុក្ខ ដ៏កក់ក្តៅពីឯកឧត្តមប្រធានរដ្ឋសភាវៀតណាមជូនចំពោះសម្តេចប្រធានព្រឹទ្ធសភាផងដែរ។
ឯកឧត្តម ដុ វ៉ាន់ចៀន បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាជ្រាបថា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម ឯកឧត្តមបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ ក្នុងគោលបំណងដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរណសិរ្សនៃប្រទេសទាំងពីរ ដែលមានតួនាទីសំខាន់សម្រាប់ឃោសនាអប់រំអំពីសមិទ្ធផលរួមនៃប្រទេសទាំងពីរ សម្រាប់ទុកឲ្យកូនចៅជំនាន់ក្រោយបានស្វែងយល់ ដឹង និងពូនជ្រុំបន្ថែមទៀតនាពេលអនាគត។
ឯកឧត្តម ដុ វ៉ាន់ចៀន បានសម្តែងនូវសេចក្តីរីករាយដោយមើលឃើញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ។ ឯកឧត្តមមានជំនឿជឿជាក់ថា ប្រទេសទាំងពីរខិតខំប្រឹងប្រែងកសាងខ្សែបន្ទាត់ព្រំដែនប្រកបដោយការអភិវឌ្ឍ និងមានកិច្ចសហប្រតិបត្តិការល្អប្រពៃ។ ក្នុងសម័យកាលដែលមានសន្តិភាព ប្រទេសទាំងពីរនឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អនេះ ឲ្យបានកាន់តែរឹងម៉ាំបន្តបន្ទាប់ថែមទៀត។ រណសិរ្សមាតុភូមិវៀតណាមនឹងខិតខំប្រឹងប្រែងឱ្យអស់ពីកំលាំងកាយចិត្ត ដើម្បីបង្កើនកិច្ចសហការល្អជាមួយនឹងប្រជាជន និងថ្នាក់ដឹកនាំកម្ពុជា។
សម្តេចប្រធានព្រឹទ្ធសភាបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ នៅព្រះរាជាណាចក្រកម្ពុជា ស្របពេលដែលប្រទេសទាំងពីរ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត និងជាឆ្នាំមិត្តភាពកម្ពុជា-វៀតណាម។ ប្រទេសទាំងពីរបានរៀបចំកម្មវិធីសកម្មភាពជាច្រើន ដើម្បីអបអរសាទរឆ្នាំជាប្រវត្តិសាស្រ្តនេះ រួមមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំ មន្រ្តីតាមក្រសួង ស្ថាប័ននានា ក៏ដូចជាមន្រ្តីនៅតាមមូលដ្ឋានផងដែរ។
ក្នុងរយៈពេល៥៥ឆ្នាំកន្លងទៅនេះ ប្រជាជននៃប្រទេសទាំងពីរបានឆ្លងកាត់នូវដំណាក់កាលជាប្រវតិ្តសាស្រ្តជាច្រើន ដោយបានជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីបុព្វហេតុឯករាជ្យ អធិបតេយ្យភាព បូរណភាព និងការអភិវឌ្ឍ។ ប្រទេសទាំងពីរត្រូវតែខិតខំពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនេះឲ្យកាន់រឹងម៉ាំខ្លាំងក្លាថែមទៀត ដើម្បីទុកជាមរតកសម្រាប់កូនចៅទាំងជំនាន់នេះ និងជំនាន់ក្រោយទៀត។
សម្តេចប្រធានព្រឹទ្ធសភាបានវាយតម្លៃខ្ពស់ និងមានសេចក្តីពេញចិត្តជាខ្លាំងចំពោះចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសនិងប្រជាជនទាំងពីរនេះ ដែលបន្តរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែស៊ីជម្រៅមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងរឹងមាំយូរអង្វែង។ ជាមួយគ្នានេះ សម្តេចបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរណសិរ្សនៃប្រទេសទាំងពីរ ដែលបានរួមចំណែកដ៏ខ្លាំងក្លាក្នុងឃោសនាអប់រំអំពីសមិទ្ធផលជូនប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាការរួមចំណែកដ៏ខ្លាំងក្លាក្នុងការពង្រឹងពង្រីកទំនាក់ទំនង សាមគ្គីភាព និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងគ្រប់ស្ថានភាព និងគ្រប់កាលទេស។
សម្តេចប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជាមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយនឹងរដ្ឋសភាវៀតណាម ទាំងក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងនៅលើឆាកអន្តរជាតិ ដូចជា នៅក្របខ័ណ្ឌ IPU, AIPA, APF, APPF និង CLV ជាដើម។
ក្នុងនាមប្រជាជនកម្ពុជា សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវការដឹងគុណចំពោះកងទ័ព ប្រជាជន និងបក្សកុម្មុយនីស្តវៀតណាម ដែលតែងតែជួយគាំទ្រដល់បុព្វហេតុដ៏ត្រឹមត្រូវ យុត្តិធម៌របស់ប្រជាជនកម្ពុជាក្នុងគ្រប់ដំណាក់កាលទាំងអស់។
តាមរយៈគណៈប្រតិភូ សម្តេចប្រធានព្រឹទ្ធសភាបានផ្តាំផ្ញើសួរសុខទុក្ខដោយសេចក្តីនឹករលឹក និងសេចក្តីគោរពស្រឡាញ់ដ៏ស្មោះស្ម័គ្រជូនឯកឧត្តមប្រធានរដ្ឋសភាវៀតណាម និងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមទាំងអស់។
សម្តេចប្រធានព្រឹទ្ធសភាគូសបញ្ជាក់ថា ប្រទេសកម្ពុជាចាត់ទុកវៀតណាមគឺជាមិត្តល្អ ជាបងប្អូនល្អ ជាអ្នកជិតខាងល្អ និងជាដៃគូល្អ តាមពាក្យស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង”។
សម្តេចប្រធានព្រឹទ្ធសភាបានប្រសិទ្ធពរជូនពរគណៈប្រតិភូ មានសុខភាពល្អ និងដំណើរទស្សនកិច្ចនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកបដោយជោគជ័យ៕ ដោយ / គ្រី សម្បត្តិ






