លោក ចូ បៃដិន និងលោក ស៊ី ជីនពីង ធ្វើកិច្ចពិភាក្សាតាមទូរស័ព្ទ ចំពេលមានភាពតានតឹងជុំវិញបញ្ហាកោះតៃវ៉ាន់

ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានធ្វើកិច្ចពិភាក្សាជាមួយសមភាគីអាមេរិកលោក ចូ បៃដិន តាមប្រព័ន្ធទូរស័ព្ទតបតាមសំណើរបស់ភាគីសហរដ្ឋអាមេរិកនៅល្ងាចថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ មេដឹកនាំទាំងពីរបានធ្វើការពិភាក្សាផ្លាស់ប្តូរគ្នាទស្សនគ្នាដោយស្មោះត្រង់ អំពីទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក ព្រមទាំងបញ្ហាផលប្រយោជន៍ទៅវិញទៅមក។

លោក ស៊ី បានចង្អុលបង្ហាញថា នៅក្នុងបរិបទពិភពលោកនាពេលបច្ចុប្បន្ននេះ និន្នាការនៃភាពចលាចល និងការផ្លាស់ប្តូរកំពុងវិវឌ្ឍ ហើយឱនភាពនៃការអភិវឌ្ឍន៍ និងសន្តិសុខកំពុងកើនឡើងយ៉ាងខ្លាំង។ ប្រឈមមុខនឹងពិភពលោកនៃការផ្លាស់ប្តូរ និងវិបល្លាស សហគមន៍អន្តរជាតិ និងប្រជាជនជុំវិញពិភពលោករំពឹងថា ចិន និងសហរដ្ឋអាមេរិកនឹងនាំមុខគេក្នុងការលើកកម្ពស់សន្តិភាព និងសន្តិសុខពិភពលោក ក៏ដូចជាលើកកម្ពស់ការអភិវឌ្ឍន៍ និងវិបុលភាពសកល។ នេះជាទំនួលខុសត្រូវរបស់ចិន-អាមេរិកជាប្រទេសដ៏សំខាន់ទាំងពីរ។

លោក ស៊ី បន្តថា ជំហររបស់រដ្ឋាភិបាល និងប្រជាជនចិនចំពោះបញ្ហាតៃវ៉ាន់គឺសមស្រប ហើយការការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ប្រទេសចិន គឺជាឆន្ទៈដ៏រឹងមាំរបស់ប្រជាជនចិនជាង ១.៤ពាន់លាននាក់។ លោកថា ឆន្ទៈរបស់ប្រជាជនមិនអាចប្រកែកបានទេ ហើយអ្នកដែលលេងភ្លើងនឹងវិនាសដោយសារវា ដោយលោកបន្ថែមថា គេសង្ឃឹមថា សហរដ្ឋអាមេរិកនឹងមើលឃើញច្បាស់អំពីរឿងនេះ។

លោកក៏បានអំពាវនាវឱ្យសហរដ្ឋអាមេរិកគោរពគោលការណ៍ចិនតែមួយ និងអនុវត្តសេចក្តីថ្លែងការណ៍រួមទាំងបីរវាងចិន-អាមេរិក រួមមានទាំងក្នុងពាក្យសម្ដី និងក្នុងសកម្មភាព។ លោក បៃដិន បានឆ្លើយតបវិញថា ពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់មួយ ហើយថា កិច្ចសហប្រតិបត្តិការរវាងអាមេរិក-ចិនបានផ្តល់ផលប្រយោជន៍មិនត្រឹមតែប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រជាជននៃប្រទេសទាំងអស់លើពិភពលោកផងដែរ។

លោកថា សហរដ្ឋអាមេរិកសង្ឃឹមថា នឹងរក្សាទំនាក់ទំនងបើកចំហរជាមួយចិន ដើម្បីបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក និងជៀសវាងការយល់ខុស និងការគណនាខុស ហើយនឹងធ្វើការជាមួយចិនដើម្បីតម្រង់ផលប្រយោជន៍នៃប្រទេសទាំងពីរ ក៏ដូចជាគ្រប់គ្រងភាពខុសគ្នាឱ្យបានត្រឹមត្រូវ។ លោក បៃដិន បានរំលឹកឡើងវិញថា គោលនយោបាយចិនតែមួយរបស់សហរដ្ឋអាមេរិកមិនផ្លាស់ប្តូរទេ ហើយក៏នឹងមិនផ្លាស់ប្តូរដែរ លោកថា អាមេរិកមិនគាំទ្រ “ឯករាជ្យភាពតៃវ៉ាន់” នោះទេ។

នាឱកាសនោះដែរ មេដឹកនាំទាំងពីរក៏បានធ្វើការផ្លាស់ប្តូរទស្សនៈគ្នាជុំវិញបញ្ហានានា រួមទាំងសង្គ្រាមនៅអ៊ុយក្រែនផងដែរ។ លោក បៃដិន និងលោក ស៊ី បានចាត់ទុកការសន្ទនាតាមទូរស័ព្ទរបស់ពួកលោកថា ជាការស្មោះត្រង់ និងស៊ីជម្រៅ ហើយមេដឹកនាំទាំងពីរថែមទាំងបានយល់ព្រមរក្សាទំនាក់ទំនង និងណែនាំក្រុមមន្រ្តីទាំងពីរឱ្យរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផងដែរ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner