ប្រកាសចូលកាន់តំណែងអភិបាល អភិបាលរង និងនាយករដ្ឋបាលសាលាស្រុកស្វាយលើ
លោក អៀង ពិសិដ្ឋ អភិបាលរងស្រុកសូទ្រនិគម ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលស្រុកស្វាយលើ ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩នេះ នៅរដ្ឋបាលសាលាស្រុកស្វាយលើ ជំនួសលោក ស៊ិក ប៊ុនស៊ិន អតីតអភិបាលស្រុកដែលត្រូវបានចូលនិវត្តន៍ ជាមួយគ្នានេះ ក៏មានការប្រកាសអភិបាលរងស្រុកមួយរូប នាយករដ្ឋបាលសាលាស្រុកមួយរូបផងដែរ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម ទៀ សីហា គណៈអភិបាលខេត្តសៀមរាប។ 
ក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា បានធ្វើការបញ្ជាក់ផងដែរថា តាមច្បាប់ក្រឹត្យក្រមរបស់មន្ត្រីរាជការគ្រប់រូប ជាគណៈអភិបាលខេត្ត ក្រុង ស្រុក ដែលបានបម្រើការងារគ្រប់អាណត្តិរបស់ខ្លួន ឬ ក៏បានគ្រប់អាយុបំពេញការងារ គឺត្រូវចូលនិវត្តន៍ មិនថាថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកឡើយ។ ការប្រកាសចូលកាន់តំណែងអភិបាលស្រុកនេះ ក៏មានការជឿជាក់យ៉ាងច្បាស់ពីរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងអាជ្ញាធរខេត្តចំពោះមន្ត្រី ថ្នាក់ដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាការលើកទឹកចិត្តដល់មន្ត្រី ឲ្យបន្តខិតខំបំពេញភារកិច្ច ក្នុងការបម្រើជាតិមាតុភូមិ។ ម៉្យាងទៀតក៏ជាគោលការណ៍របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំនូវរចនាសម្ព័ន្ធក្បាលម៉ាស៊ីដឹកនាំថ្នាក់ក្រោមជាតិ ដើមី្បឆ្ពោះទៅរកកិច្ចអភិវឌ្ឍន៍មូលដ្ឋានភូមិឃុំ ក្នុងការបម្រើដល់តម្រូវការផលប្រយោជន៍របស់ប្រជាជន។
ឯកឧត្តម ក៏បានលើកនូវសមទ្ធិផលដែលស្រុកទទួលបានមកនេះ ក៏កើតឡើងពីសន្តិភាព ហើយក៏ជាសមិទ្ធផលទាំងនេះ ជាការពង្រឹងនូវសន្តិភាពនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម បានក្រើនរំលឹកដល់អភិបាលស្រុក ដែលត្រូវបានតែងតាំងថ្មី ត្រូវខិតខំបំពេញការងារ ដោយស្មារតីយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ ប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីបំពេញការងារជូនតម្រូវការជូនប្រជាពលរដ្ឋឲ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ដោយត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមបន្តថា កិច្ចការអភិវឌ្ឍន៍មូលដ្ឋាន គឺជាភារកិច្ចស្នូល សុខទុក្ខប្រជាពលរដ្ឋជាបញ្ហាចម្បង ការងារទប់ស្កាត់រាល់បទល្មើសផ្សេងៗក្នុងដែនសមត្ថកិច្ចរបស់ខ្លួន វាជាការងារដ៏សំខាន់។ ម៉្យាងទៀត ត្រូវធ្វើការពង្រីកនូវលើវិស័យទេសចរណ៍នៅក្នុងសហគមន៍ ដោយមានការរួមសហការជាមួយមន្ទីរជំនាញ ស្ថាប័នពាក់ព័ន្ធ ដើមី្បជាផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកស្វាយលើទាំងមូល និងត្រូវចេះសាមគ្គីភាពផ្ទៃក្នុងគណៈអភិបាល មន្ត្រីរាជការលើការដឹកនាំ គ្រប់គ្រង ការិយាល័យ និងអង្គភាពក្នុងស្រុកឲ្យបានល្អ និងបង្កើនការពង្រឹងនូវរបៀបរបបការងាររដ្ឋបាល នៅក្នុងសាលាស្រុក ព្រមទាំងមានការទំនាក់ទំនងឲ្យបានល្អជាមួយបណ្តាស្ថាប័ន អង្គភាព លើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពដល់ភ្ញៀវទេសចរ និងប្រជាជន ដោយខេត្តសៀមរាប ក៏ដូចស្រុកស្វាយលើ ជាតំបន់គោលដៅនៃភ្ញៀវទេសចរលើពិភពលោក ចូលមកទស្សនាកម្សាន្ត៕ម.ន ដោយៈ ម៉ី សុខារិទ្ធ




\