ប្រមុខការទូតតួកគីថា កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិអាចនឹងជួយបង្កើនទំនុកចិត្តរុស្ស៊ី និងអ៊ុយក្រែន
អង់ការ៉ា៖ រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានថ្លែងថា កិច្ចព្រមព្រៀងច្រករបៀងនាំចេញគ្រាប់ធញ្ញជាតិរុស្ស៊ី-អ៊ុយក្រែន អាចនឹងជួយបង្កើនទំនុកចិត្តរវាងភាគីទាំងពីរប្រសិនបើអនុវត្តបានត្រឹមត្រូវ។
ការអត្ថាធិប្បាយបែបនេះរបស់លោក Cavusoglu ធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុល ក្នុងអំឡុងធ្វើសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសហ្សកហ្ស៊ីលោក Ilia Darchiashvili។
លោក Cavusoglu បន្តថា ប្រសិនបើអនុវត្តបានត្រឹមត្រូវ កិច្ចព្រមព្រៀងនេះអាចនឹងជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញទំនុកចិត្តរវាងភាគីទាំងពីរ ។ លោកថា កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យមានការនាំចេញមិនត្រឹមតែគ្រាប់ធញ្ញជាតិអ៊ុយក្រែនប៉ុណ្ណោះទេ តែថែមទាំងជីរុស្ស៊ីផងដែរ ហើយលោកសង្ឃឹមថា ការនាំចេញគ្រាប់ធញ្ញជាតិនឹងបន្ត ហើយឈានដល់ប្រទេសដែលត្រូវការបន្ទាន់។
សូមរម្លឹកផងដែរថា រុស្សី និងអ៊ុយក្រែនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃសុក្រសប្តាហ៍មុន រៀងៗខ្លួនជាមួយតួកគី និងអង្គការសហប្រជាជាតិ ដើម្បីបន្តការនាំចេញគ្រាប់ធញ្ញជាតិទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈច្រកសមុទ្រខ្មៅ។ មជ្ឈមណ្ឌលសម្របសម្រួលរួមត្រូវបានបើកនៅថ្ងៃពុធសប្តាហ៍នេះ ដើម្បីត្រួតពិនិត្យការអនុវត្តការនាំចេញគ្រាប់ធញ្ញជាតិពីប្រទេសអ៊ុយក្រែន ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា



