រដ្ឋបាលក្រុងព្រះសីហនុ បន្តចុះរៀបចំសណ្តាប់ធ្នាប់ និងណែនាំម្ចាស់យានយន្ត និងអ្នកលក់ដូរតាមចិញ្ចើមថ្នល់ តាមបណ្តោយដងផ្លូវជាតិលេខ៤ ចំណុចផ្សារឃ្លាំងលើ ដើម្បីសម្រួលការកកស្ទះ និងសោភណ្ឌភាពក្រុង

ខេត្តព្រះសីហនុ៖ ស្របពេលកំពុងមានការអភិវឌ្ឍនាពេលបច្ចុប្បន្ន នៅក្រុងព្រះសីហនុ កំណើនយានយន្តគ្រប់ប្រភេទក៏មានការកើនឡើងគួរកត់សម្គាល់។ ជាមួយនឹងការឈប់ ចតមិនសូវគោរច្បាប់ និងការយកចំណីផ្លូវធ្វើជាកន្លែងលក់ដូរ ពីសំណាក់ពលរដ្ឋខ្លះផងនោះ បានធ្វើឲ្យតំបន់មួយចំនួននៅក្នុងទីប្រជុំជនក្រុងជួបនូវការកកស្ទះចរាចរណ៍ និងបាត់បង់សណ្តាប់ធ្នាប់។ ជាក់ស្តែងដងផ្លូវជាតិលេខ៤ចំណុចផ្សារឃ្លាំងលើ ក្នុងទឹកដីសង្កាត់លេខ១ កំពុងប្រឈមនឹងបញ្ហានេះ។ ករណីនេះអាជ្ញាធរក្រុងព្រះសីហនុ បានចុះណែនាំជាបន្តបន្ទាប់ ប៉ុន្តែពលរដ្ឋជាម្ចាស់យានយន្ត និងអ្នកលក់ដូរខ្លះហាក់មិនទាន់បានចូលរួមសហការល្អជាមួយអាជ្ញាធរនៅឡើយ។

នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ លោក សន កុសល អភិបាលរងក្រុងព្រះសីហនុ បានដឹកនាំកម្លាំងចម្រុះរបស់រដ្ឋបាលក្រុង ចុះរៀបសណ្ដាប់ធ្នាប់ នៅលើដងផ្លូវជាតិលេខ៤ ក្នុងតំបន់មុខផ្សារឃ្លាំងលើ  ព្រោះបងប្អូនប្រជាពលរដ្ឋអាជីវករបានដាក់លក់ និងចតយានយន្តមកលើចិញ្ចើមផ្លូវ គ្មានសណ្តាប់ធ្នាប់ តែងតែបង្កការកកស្ទះចរាចរណ៍ស្ទើរជារៀងរាល់ថ្ងៃ។ លោកអភិបាលរងក្រុងបានបញ្ជាក់ថា រដ្ឋបាលក្រុងតែងតែធ្វើសណ្ដាប់ធ្នាប់ ទាំងការអប់រំ និងដកហូតនូវមធ្យោបាយដូចជាយានយន្ត និងសម្ភារផ្សេងៗបានយកទៅរក្សាទុកនៅឯសាលាក្រុង ដើម្បីធ្វើកិច្ចសន្យាកុំឲ្យបងប្អូនដាក់លក់ឬចតយានយន្តលើចិញ្ចើមផ្លូវជាបន្តបន្ទាប់ផងដែរ។ លោក ក៏បានបញ្ជាក់បន្ថែមថា ដើម្បីឲ្យទីក្រុងរបស់យើងមានសោភណ្ឌភាព និងសណ្ដាប់ធ្នាប់ល្អ គឺយើងមិនអាចធ្វើការតែម្នាក់ឯងបាននោះទេបើមិនមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ។ ដូចនេះយើងត្រូវចូលរួមទាំងអស់គ្នាដើម្បីទីក្រុងយើង។

គួរបញ្ជាក់ជូនថា កន្លងមកអាជ្ញាធរក្រុងព្រះសីហនុ តែងចុះណែនាំ និងស្ទូចរថយន្តចតចោលតាមដងផ្លូវបង្កការកកស្ទះចរាចរណ៍យកមករក្សាទុកនៅសាលាក្រុង ដើម្បីធ្វើការណែនាំម្ចាស់យានយន្តជាបន្តបន្ទាប់។ ទោះបីជាយ៉ាងការចតនៅតាមដងផ្លូវនៅតែបន្តកើតមានទៅរាល់ថ្ងៃ។ ការចុះអនុវត្ត និងរៀបចំសណ្តាប់ធ្នាប់នេះអាជ្ញាធរក្រុងព្រះសីហនុ បានចុះធ្វើជារៀងរាល់ថ្ងៃ។ ទាក់ទិននឹងបញ្ហាសណ្ដាប់ធ្នាប់ និងការកកស្ទះចរាចរណ៍ដែលកំពុងតែកើតមាននៅក្រុងព្រះសីហនុនាពេលបច្ចុប្បន្ននេះដែរ អភិបាលក្រុងព្រះសីហនុ បានអំពាវនាវដល់ម្ចាស់ រ៉ឺម៉ក ម៉ូតូឌុប ឬម្ចាស់រថយន្ត និងអ្នកលក់ដូរតាមចិញ្ចើមផ្លូវផងដែរ ត្រូវចូលរួមជាមួយអាជ្ញាធរក្រុងដើម្បីរៀបចំសណ្តាប់ធ្នាប់ក្រុងព្រះសីហនុយើងឲ្យមានភាពល្អប្រសើរឡើងវិញ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner