ការដ្ឋានផ្លូវបេតុងឆ្អឹងដែកជាង ៣គីឡូម៉ែត្រអំណោយសម្តេចតេជោ ហ៊ុន សែន ជូនប្រជាពលរដ្ឋឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ស្ថាបនាជិតរួចរាល់ហើយ
កណ្តាល៖ ការដ្ឋានផ្លូវបេតុងឆ្អឹងដែកជាង៣គីឡូម៉ែត្រអំណោយសម្តេចតេជោ ហ៊ុន សែន ជូនប្រជាពលរដ្ឋឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល តាមរយៈឯកឧត្តម វង្សី វិស្សុត ប្រធានក្រុមការងារថ្នាក់ជាតិ ស្រុកមុខកំពូល និងឯកឧត្តម គង់ អៀង ទីប្រឹក្សា សម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារថ្នាក់ជាតិឃុំព្រែកអញ្ចាញ មកដល់ពេលនេះ ស្ថាបនាជិតរួចរាល់ហើយ។
តាមប្រភពពី ឯកឧត្តម គង់ អៀង ដែលដឹកនាំ កងវិស្វកម្មក្រសួងការពារជាតិទទួលស្ថាបនាផ្លូវនេះ បានឲ្យដឹងនៅថ្ងៃទី៣០ កក្កដាថា កំណាត់ផ្លូវដែលកំពុងស្ថាបនាជាផ្លូវបេតុងនេះ មានប្រវែងជាង៣គីឡូម៉ែត្រ ស្ថិតតាមបណ្ដោយមាត់ទន្លេរមេគង្គចាប់ពីភូមិកណ្ដាលឃុំព្រែកអញ្ចាញទៅដល់ព្រំប្រទល់ឃុំបាក់ខែងស្រុកមុខកំពូល ដែលត្រូវស្ថាបនាទទឹង ៧ម៉ែត្រ ចាក់បេតុងកម្រាស់០,២ម៉ែត្រប្រើឆ្អឹងដែក ១០លី និងត្រូវបំពាក់លូប្រអប់១កន្លែងឆ្លងកាត់ផ្លូវមានប្រវែង៨ម៉ែត្រគុណនឹង៦ម៉ែត្រ ព្រមទាំងដាក់លូអ៊ុយតាមចញ្ចើមផ្លូវប្រវែង ២៧០ម៉ែត្រ។
ឯកឧត្តមឲ្យដឹងទៀតថា ផ្លូវនេះចាប់បើកការដ្ឋានស្ថាបនា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ដោយគ្រោងស្ថាបនាឱ្យហើយរួចរាល់ជាស្ថាពរ ប្រកបដោយគុណភាពនិងសោភ័ណភាព មុនរដូវបុណ្យភ្ជំបិណ្ឌដើម្បីបង្កលក្ខណ:ងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោក គង់ ភឿនប្រធាននាយកដ្ឋានផ្លូវលំ ក្រសួងអភិវឌ្ឍជនបទ ដែលបានចុះពិន្យមើលការដ្ឋានផ្លូវនេះ ក៏បានរំលឹកដល់ក្រុមវិស្វករទទួលការសាងសង់ ពីកិច្ចការមួយចំនួនផងដែរ ដើម្បីអោយសំណង់ផ្លូវនេះមានគុណភាពនិងសោភ័ណភាពល្អ។
នាព្រឹកថ្ងៃដដែលនេះ ឯកឧត្តម គង់ អៀង និងក្រុមការងារឃុំព្រែអញ្ចាញក៏បានអញ្ជើញផ្សព្វផ្សាយលទ្ធផលសន្និបាតគណ:កម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជាដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៦-១៧ កក្កដា ឆ្នាំ២០២២កន្លងទៅនេះ ជូនប្រជាពលរដ្ឋឃុំព្រែកអញ្ចាញ ដើម្បីប្រជាពលរដ្ឋបានយល់ច្បាស់ពីការសំរេចទាំងឡាយរបស់សន្និបាត សំរាប់បម្រើឧត្តមប្រយោជន៍ ជាតិមាតុភូមិ បន្តទៀត ៕ ប្រភព ៖ កណ្តាល
