មន្រ្តីតួកគី៖ ការនាំចេញគ្រាប់ធញ្ញាជាតិអ៊ុយក្រែន អាចនឹងចាប់ផ្តើមម្តងទៀតនៅដើមសប្តាហ៍នេះ
អង់ការ៉ា ៖ មន្ត្រីជាន់ខ្ពស់តួកគីបានលើកឡើងថា ការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន អាចនឹងចាប់ផ្តើមឡើងវិញនៅថ្ងៃចន្ទសប្តាហ៍នេះ ចេញពីកំពង់ផែភាគខាងត្បូង។
អ្នកនាំពាក្យប្រធានាធិបតីតួកគីលោក អ៊ីប្រាហ៊ីម ខាលីន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅថ្ងៃអាទិត្យសប្តាហ៍មុនថា កប៉ាល់ទីមួយដែលដឹកគ្រាប់ធញ្ញជាតិអ៊ុយក្រែនអាចនឹងចាកចេញនៅព្រឹកថ្ងៃចន្ទនេះ លោកថា ការផ្ទុកទំនិញលើកប៉ាល់ត្រូវបានបញ្ចប់ហើយ។ តួកគី និងអង្គការសហប្រជាជាតិបានដើរតួនាទីជាអ្នកសម្របសម្រួលសម្រាប់កិច្ចព្រមព្រៀងរវាងអ៊ុយក្រែន និងរុស្ស៊ី ដើម្បីចាប់ផ្តើមការនាំចេញស្រូវសាលីរបស់អ៊ុយក្រែន និងគ្រាប់ធញ្ញជាតិផ្សេងទៀតតាមរយៈច្រកសមុទ្រខ្មៅ។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់ថូនី ប្លីងគែន បានជំរុញឱ្យសមភាគីរុស្ស៊ីលោក សឺហ្គៃ ឡារូវ អនុវត្តឱ្យបានពេញលេញតាមកិច្ចព្រមព្រៀងខាងលើនេះ នៅពេលពួកលោកនិយាយគ្នាតាមទូរស័ព្ទកាលពីថ្ងៃសុក្រសប្តាហ៍មុន។
ដោយឡែកប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានសរសេរសារបង្ហោះនៅលើ Twitter នៅថ្ងៃអាទិត្យម្សិលមិញថា ការប្រមូលផលអ៊ុយក្រែននៅឆ្នាំនេះអាចធ្លាក់ចុះប្រហែលពាក់កណ្តាល លោកថា គោលដៅចម្បងរបស់អ៊ុយក្រែន គឺការពារវិបត្តិស្បៀងអាហារពិភពលោក ដែលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ី៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា





