បុរសពីរនាក់រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូលឿនពេកជ្រុលបុករថយន្តព្រូស ពីចំហៀងពេញទំហឹង
ភ្នំពេញ ៖ បុរសពីរនាក់បានជិះម៉ូតូមួយគ្រឿងឌុបគ្នាយ៉ាងលឿនមិនប្រយ័ត្នជ្រុលបុករថយន្តព្រូស ពីចំហៀងពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់ កាលពីវេលាម៉ោង ០១ និង ៣០ នាទីយប់អធ្រាត្រចូលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចស្តុបវត្តអង្តតាមុិញ តាមបណ្តោយផ្លូវ ២០០៤ កែងនឹងផ្លូវបេតុង ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគឺបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីតពណ៌ខ្មៅលាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ1JM-3005ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទិសដៅពីជើងទៅត្បូង ឆ្ពោះទៅខាងវត្តអង្កតាមិញ លុះមកដល់ចំណុចកើតហេតុខាងលើ កែងនិងផ្លូវ ២០០៤ ក៏ជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាកព្រូសពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ2AY-9258 ធ្វើដំណើរតាមបណ្ដោយផ្លូវ ២០០៤ ទិសដៅពីកើតទៅលិច ចំពីចំហៀងរថយន្តខាងស្ដាំពេញទំហឹងបណ្ដាលឲ្យបោកផ្ទប់និងរថយន្តរងរបួសទាំងពីរនាក់ ភ្លាមនោះរថយន្តសាមុយ បានមកដឹកជនរងគ្រោះទៅសង្គ្រោះដែរមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕ ដោយ៖ ជីម ភារ៉ា



