ប្រធានអាស៊ាន ថ្លែងថា អាស៊ានធ្លាប់ជាតំបន់ប្រឈមនឹងបញ្ហាសន្តិសុខ ការអភិវឌ្ឍ តែពេលនេះ អាស៊ានបានក្លាយទៅជាតំបន់សន្តិសុខ និងការអភិវឌ្ឍកើនឡើងជាបន្តបន្ទាប់
ភ្នំពេញ ៖ ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានថ្លែងថា អាស៊ានធ្លាប់ជាតំបន់ប្រឈមនឹងបញ្ហាសន្តិសុខ ការអភិវឌ្ឍ តែពេលនេះអាស៊ានបានក្លាយទៅជាតំបន់សន្តិសុខ និងការអភិវឌ្ឍកើនឡើងជាបន្តបន្ទាប់។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបន្តថា ចំពោះបញ្ហានៅមីយ៉ាន់ម៉ា ក៏បានបង្កឱ្យមានការរង្គោះរង្គើ ក្នុងតំបន់អាស៊ានផងដែរ ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ដែរទាក់ទងនឹងប្រទេសទីម័រ ដែលនឹងចូលជាសមាជិកអាស៊ាន យ៉ាងយូរត្រឹមឆ្នាំក្រោយ តាមការសម្របសម្រួលពីកម្ពុជា ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដំណើរការនៃការចូលជាសមាជិកអាស៊ាន របស់ទីម័រ កំពុងតែមានដំណើរការល្អ ហើយខ្ញុំមានសុទិដ្ឋិនិយមថា ទីម័រនឹងបានចូលជាសមាជិកអាស៊ាន នៅត្រឹមឆ្នាំក្រោយយ៉ាងយូរ។
សូមជម្រាបថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់អាស៊ាន ក៏ដូចជាដៃគូសន្ទនា ដើម្បីពិនិត្យ និងពិភាក្សាលើបញ្ហាទាំងឡាយ ហើយដាក់ចេញជាសេចក្តីសម្រេចចិត្តនានាសម្រាប់មេដឹកនាំកំពូលរបស់អាស៊ាន និងប្រទេសដៃគូសន្ទនា សម្រេចក្នុងកិច្ចប្រជុំកំពូលរបស់អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានានោះ។
សូមបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសដែលបានមកដល់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានានោះ រួមមាន៖
- Dr. Adaljiza Albertina Xavier Reis Magno រដ្ឋមន្រ្តីក្រសួងការបរទេសទីម័រខាងកើត
- Nikos Dendias រដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសក្រិក
- H.E Dato Lim Jock Hoi អគ្គលេខាធិការអាស៊ាន
- H.E Erywan Yusof រដ្ឋមន្រ្តីក្រសួងការបរទេសទី២ នៃប្រទេសព្រុយណេ និងលោកជំទាវ
- H.E Bui Thanh Son រដ្ឋមន្រ្តីការបរទេស សាធារណរដ្ឋសង្គមនិយមវៀតណាម
- H.E Retno L.P. Marsudi រដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋ ឥណ្ឌូនេស៊ី
- H.E Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសឹង្ហបូរី
- H.E Don Pramudwinai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃរាជាណាចក្រថៃឡងដ៏ និងលោកជំទាវ
-H.E Saleumxay Kommasith រដ្ឋមន្ត្រីការបរទេសឡាវ និងលោកជំទាវ
-H.E Dato’ Sri Saifuddin Abdullah រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី - H.E Wang Yi រដ្ឋមន្រ្តីការបរទេសចិន ។
នៅមានរដ្ឋមន្រ្តីការបរទេស នៃប្រទេសមួយចំនួនទៀតនឹងមកដល់កម្ពុជាជាបន្តបន្ទាប់ ៕ ដោយ វណ្ណលុក



