អត្តពលិកជនពិការកម្ពុជា ដណ្តើមបានមេដាយមាស២គ្រឿងបន្ថែម ជូនកម្ពុជា ពីអាស៊ានប៉ារ៉ាហ្គេម នៅឥណ្ឌូនេស៊ី
សូឡូ៖ អត្តពលិកកីឡាជនពិការ ដណ្តើមបានមេដាយមាស២គ្រឿងបន្ថែម ពីអាស៊ានប៉ារ៉ហ្គេម លើកទី១១ ទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី គិតត្រឹមរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ។
តាមការបញ្ជាក់ពី លោក យី សុភក្រ្តា នាយរងបេសកម្មអាស៊ានប៉ារ៉ាហ្គេម បានអោយដឹងថា អត្តពលិកជនពិការលើ២ប្រភរទកីឡា ដណ្តើមបានមេដាយមាស ២គ្រឿង គឺកីឡាការិនីប៊ូស្យា សន សាស ប្រភេទពិការ BC2 ឈ្នះមេដាយមាស លើវិញ្ញាសាឯកត្តជន និងកីឡាការិនីអត្តពលកម្ម ងួន រតនា ឈ្នះមេដាយមាស លើវិញ្ញាសារត់១៥០០ម៉ែត្រ ។
នាយរងបេសកម្ម រូបនេះ បន្ថែមថា គិតត្រឹមរសៀលថ្ងៃទី០៣ ខែសីហានេះ អត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា ដណ្ដើមបានមេដាយសរុប ១៤គ្រឿង ជាបណ្ដោះអាសន្ន មានមាស៤ ប្រាក់៦ និងសំរឹទ្ធ៤គ្រឿង ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ដែលកំពុងប្រព្រឹត្តទៅ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ខណៈការប្រកួតគ្រោងនឹងបញ្ចប់នាថ្ងៃទី០៦ ខែសីហា ចុងសប្ដាហ៍នេះ។ លោក យី សុភក្រ្តា បន្តថា ការសម្រេចបានសមិទ្ធផលដ៏ត្រចះត្រចង់របស់ក្រុមអត្តពលិកជនពិការកម្ពុជាខាងលើនេះ បានធ្វើឲ្យកម្ពុជា បំបែកកំណត់ត្រាប្រវត្តិសាស្ដ្រ ឈ្នះមេដាយច្រើនជាងគេ បើគិតចាប់ពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម បង្កើតឡើងដំបូង កាលពីឆ្នាំ២០០១ រហូតមកទល់បច្ចុប្បន្ន ពិសេសកម្ពុជា បានបំបែកកំណត់ត្រាមេដាយមាស ឆ្នាំ២០១៣ នៅមីយ៉ាន់ម៉ា ដែលកាលនោះ កម្ពុជាដណ្ដើមបានត្រឹមមេដាយមាស ៣គ្រឿង ប្រាក់ ៤ និងសំរឹទ្ធ ២ សរុប៩គ្រឿង ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២១ ដែលឥណ្ឌូនេស៊ី យល់ព្រមទទួលរៀបចំធ្វើម្ចាស់ផ្ទះ នៅឆ្នាំ២០២២ បន្ទាប់ពីវៀតណាម ប្រកាសលុបចោលដោយសារបញ្ហាកូវីដ-១៩នោះ បច្ចុប្បន្ន កម្ពុជាបានបំបែកកំណត់ត្រាឈ្នះមេដាយច្រើនបំផុត ក្នុងប្រវត្តិសាស្ដ្ររបស់ខ្លួន តែកម្ពុជានៅមានឱកាសស្វែងរកមេដាយបន្ថែមទៀត ព្រោះនៅសល់វិញ្ញាជាច្រើនមិនទាន់ប្រកួត ខណៈវិញ្ញាសាមួយចំនួន បានឈានដល់វគ្គដណ្ដើមមេដាយ ពិសេសវិញ្ញាសាបាល់ទះអង្គុយបុរសកម្ពុជា ដែលត្រៀមប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាស ជាមួយថៃ នាថ្ងៃទី០៤ ខែសីហា ស្អែកនេះ ៕ ចាន់ វិចិត្រ















