គណបក្សប្រជាជនកម្ពុជាសម្ដែងការព្រួយបារម្ភចំពោះភាពតានតឹង នៅច្រកសមុទ្រតៃវ៉ាន់ និងស្នើឱ្យភាគីពាក់ព័ន្ធគោរពកិច្ចព្រមព្រៀងទាំងឡាយ ដែលបានឯកភាពគ្នា

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជានៅល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្តីថ្លែងការណ៍ សម្ដែងនូវការព្រួយបារម្ភចំពោះការកើនឡើងនូវភាពតានតឹងថ្មីៗនៅច្រកសមុទ្រតៃវ៉ាន់ និងស្នើសុំឱ្យភាគីពាក់ព័ន្ធគោរពចំពោះកិច្ចព្រមព្រៀងទាំងឡាយ ដែលភាគីទាំងពីរបានឯកភាពគ្នា។

តាមរយៈសេចក្តីថ្លែងការណ៍ គណបក្សប្រជាជនកម្ពុជា បានអះអាងថា
១.គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំប្រទេសប្រកាន់ខ្ជាប់ជានិច្ចនូវគោល នយោបាយចិនតែមួយដោយឥតងាករេ ហើយចាត់ទុកបញ្ហាពាក់ព័ន្ធនឹង ហុងកុង តៃវ៉ាន់ ទីបេ និង ស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់ចិនដែលជាសិទ្ធិអធិបតេយ្យរបស់សាធារណរដ្ឋប្រជាមានិតចិន។

២.គណបក្សប្រជាជនកម្ពុជា សូមសម្ដែងនូវការព្រួយបារម្ភចំពោះការកើនឡើងនូវភាព តានតឹងថ្មីៗនៅច្រកសមុទ្រតៃវ៉ាន់ និងស្នើសុំឱ្យភាគីពាក់ព័ន្ធគោរពចំពោះកិច្ចព្រមព្រៀងទាំងឡាយ ដែលភាគីទាំងពីរបានឯកភាពគ្នា ដូចដែលមានចែងក្នុងសេចក្តីថ្លែងការណ៍រួមកន្លងមក រវាងសាធារណរដ្ឋប្រជាមានិតចិន និងសហរដ្ឋអាមេរិក។
៣.គណបក្សប្រជាជនកម្ពុជា សូមអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ស្វះស្វែងរកដំណោះ ស្រាយដោយសន្តិវិធី រក្សាស្ថានភាពដើម និងចៀសវាងការបង្កហេតុ ដើម្បីសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។
សូមបញ្ជាក់ថា ភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ បានកើតឡើងបន្ទាប់ពី ដំណើរទស្សនកិច្ចដ៏កម្ររបស់ប្រធានសភាអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី ទៅកាន់កោះតៃវ៉ាន់ ដែលអ្នកវិភាគជាច្រើនជឿថា ជាការបញ្ឆេះកំហឹងដល់ប្រទេស ខណៈដែលចិន និងអាមេរិក មានកិច្ចព្រមព្រៀងទទួលស្គាល់កោះតៃវ៉ាន់ ជាដែនដីរបស់ចិនកាលពីទសវត្ស៧០។
ភាពតានតឹងនេះ បានកើតឡើងស្របពេលដែលពិភពលោក កំពុងជួបប្រទះនូវស្ថានការណ៍គួរឱ្យព្រួយបារម្ភ ដោយក្នុងនោះមានសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន និងការប្រឈមនឹងវិបត្តិសេដ្ឋកិច្ចជាដើម៕ សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner