សម្តេចតេជោនាយករដ្ឋមន្រ្តី អនុញ្ញាតឲ្យ ព្រះអង្គម្ចាស់ សេកមហាម៉េដ ប៊ីន អាប់ឌុលរ៉ាម៉ាន អាល់តានី រដ្ឋមន្រ្តីការបរទេសរដ្ឋកាតា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ ល្ងាចថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យព្រះអង្គម្ចាស់ សេកមហាម៉េដ ប៊ីន អាប់ឌុលរ៉ាម៉ាន អាល់តានី ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស រដ្ឋកាតា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។
ក្នុងឱកាសនេះសម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់នូវការ ស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ព្រះអង្គម្ចាស់ សេកមហាម៉េដ ប៊ីន អាប់ឌុលរ៉ាម៉ាន អាល់តានី និងគណៈប្រតិភូរដ្ឋកាតា ដែលបាន អញ្ជើញមក ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា ពិសេសនៅពេល ដែលរដ្ឋកាតា និងចុះហត្ថលេខាលើពិធីសារ នៃការចូលជាភាគី នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅ អាស៊ីអាគ្នេយ៍ (TAC)។
សម្តេចតេជោហ៊ុន សែន បានបញ្ជាក់បន្ថែមថា នៅពេលនេះ អាស៊ាន កាន់តែមានដៃគូកាន់តែច្រើន ហើយជាការល្អដែល រដ្ឋកាតាក្លាយជាភាគី (TAC) នេះ។ដោយឡែក បច្ចុប្បន្ននេះទំនាក់ ទំនងទ្វេភាគីកម្ពុជា កាតា មានភាពល្អប្រសើរទៅមុខ ពោលគឺដំណើរទស្សនកិច្ចការងាររបស់ ព្រះអង្គម្ចាស់ មកកាន់កម្ពុជានាពេលនេះ និងកាន់តែមានភាពជឿ ទុកចិត្ត ក្នុងការពង្រីកពង្រីកកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ កាន់តែរឹងមាំថែមទៀត រួមទាំងការពង្រីកទំនាក់ទំនងរវាងកាតា និង អាស៊ានផងដែរ។
ព្រះអង្គម្ចាស់ សេកមហាម៉េដ ប៊ីន អាប់ឌុលរ៉ាម៉ាន អាល់តានី បានមានប្រសាសន៍ថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ នាយករដ្ឋមន្រ្តីចំពោះការទទួលព្រះអង្គ និងគណៈប្រតិភូ។ ព្រះអង្គម្ចាស់សូមចូលរួមអបអរសាទរចំពោះភាពជោគជ័យ នៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ផ្សេងៗ ទៀត នៅរាជធានីភ្នំពេញ ពិសេសជាឱកាស ដែលរដ្ឋកាតា បានចុះ ហត្ថលេខាលើពិធីសារ នៃការចូលជាភាគី នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍(TAC) ពិសេសជាមួយ អាស៊ាន។
ព្រះអង្គម្ចាស់ឧបនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា នេះជាឱកាសដ៏ ល្អ ដែលព្រះអង្គបានមកកាន់ ព្រះរាជាណាចក្រកម្ពុជា ហើយព្រះអង្គ ម្ចាស់ ពិតជាចង់ឃើញពីការវិវត្តន៍រីកចម្រើនមន្ថែម ទៀត នៃទំនាក់ទំនង កិច្ចសហប្រតិបត្តិការវាងប្រទេសទាំងពីរ ពិសេសនៅមានសក្តានុពល ជាច្រើនទៀត ដែលប្រទេសទាំងពីរសហការគ្នា ជាពិសេសនៅលើ វិស័យ សេដ្ឋកិច្ច ដែលបច្ចុប្បន្ននេះ មិនទាន់មានការរីកចំរើនខ្លាំង នោះទេ។
ព្រះអង្គម្ចាស់បានជម្រាបសម្តេចតេជោផងដែរថា ព្រះអង្គម្ចាស់បាន ជួបពិភាក្សាការងារជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ហើយនៅក្នុងជំនួបគ្នានោះ អ្វីដែលរដ្ឋកាតាចាប់អារម្មណ៍នោះ គឺ លើ វិស័យទេសចរណ៍ ការពង្រីកទំហំពាណិជ្ជកម្ម វិនិយោគរវាងប្រទេស ទាំងពីរ។
ព្រះអង្គម្ចាស់បន្តថា ព្រះអង្គនិងជំរុញឲ្យមានប្រតិភូធុរកិច្ចកាតា មកកាន់ ប្រទេសកម្ពុជានាពេលខាងមុខ ដើម្បីចូលរួមពិភាក្សាជាមួយផ្នែកធុរកិច្ច កម្ពុជា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យធុរកិច្ច។
សម្តេចតេជោមានប្រសាសន៍ថា សម្តេចសូមស្វាគមន៍ និងអបអរ សាទរដែលកាតា បានយកចិត្តទុកដាក់ចំពោះអាស៊ាន និងកម្ពុជា និងពិតជារីករាយចំពោះលទ្ធផលនៃជំនួបពិភាក្សារវាងរដ្ឋមន្រ្តីការបរទេសទាំងពីរ។ សម្តេចតេជោបន្តថា កាតានិងទទួលបានជោគជ័យក្នុងការ រៀបចំការប្រកួតកីឡាបាល់ទាត់ពិភពលោក នៅចុងឆ្នាំ២០២២នេះ។
ពាក់ព័ន្ធវិស័យទេសចរណ៍ សម្តេចតេជោមានប្រសាសន៍ថា កាតាពិត ជាមានចំណុចខ្លាំង ពិសេសកាតាមានលទ្ធភាពក្នុងការជំរុញជើង ហោះហើរ ពិសេសវិស័យទេសចរណ៍គឺជាវិស័យមួយដែលអាច ជំរុញ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ដោយសារកាតាមានភូមិសាស្រ្តនៅក្នុងតំបន់មជ្ឈិមបូព៌ា គឺអាច ធ្វើការហោះហើរត្រង់មកកាន់កម្ពុជាផ្ទាល់ រវាងតំបន់ទាំងពីរ។
សម្តេចតេជោបន្តថា មុនការរីករាលដាលនៃជំងឺកូវីដ១៩ កម្ពុជា មានទេសចរប្រមាណ ៦,៦លាននាក់ ក្នុងឆ្នាំ២០១៩។ បច្ចុប្បន្ន ធ្លាក់មកនៅត្រឹមប្រមាណជិតមួយលាននាក់ប៉ុណ្ណោះ។ គោលដៅ របស់កម្ពុជា គឺចង់ឲ្យទេសចរណ៍ឡើងដល់ ប្រមាណ១៥លាននាក់ ដែលកម្ពុជាមានលទ្ធភាពទទួលបានអ្នកទេសចរ។
សម្តេចតេជោបន្តថា កម្ពុជាបានលើកលែងនូវលក្ខខណ្ឌទាំងឡាយ ដល់អ្នកទេសចរណ៍ ដែលធ្វើដំណើរមកកាន់កម្ពុជា។ កាតាអាច គាំទ្រដល់ជំនួបរវាងផ្នែកធុរកិច្ច និងធុរកិច្ច ពិសេសអាចអនុញ្ញាតឲ្យអ្នក វិនិយោគកាតា មកតាំងពិព័រណ៍នៅកម្ពុជា ក្នុងខែធ្នូ ឆ្នាំ២០២២។
សម្តេចតេជោបានលើកទឹកចិត្តដល់រដ្ឋកាតា ជួយ ជំរុញផ្នែកឯកជន ដើម្បីមកធ្វើការរួមគ្នាជាមួយវិស័យឯកជនកម្ពុជា។សម្តេចចង់ឃើញ កាតា វិនិយោគនៅកម្ពុជា ដែលអាចមានលទ្ធភាពនាំចេញពីកម្ពុជា ទៅកាន់កាតា និងទីផ្សារអន្តរជាតិ ពិសេសលើវិស័យស្បៀង។
ពាក់ព័ន្ធលើកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សម្តេច តេជោមានប្រសាសន៍ថា សម្តេចចង់ឃើញការសហការគ្នា លើ វិស័យនយោបាយ និងមានការគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខណ្ឌ របស់អន្តរជាតិសម្រាប់ប្រទេសទាំងពីរ។ សម្តេចបន្តថា យើងត្រូវបង្កើន មិត្ត ឲ្យកាន់តែច្រើន ដើម្បីគាំទ្រគ្នាទៅវិញទៅមក ពិសេសក្នុងក្របខណ្ឌ អន្តរជាតិ។
ជាការឆ្លើយតប ព្រះអង្គម្ចាស់ឧបនាយករដ្ឋមន្រ្តី សូមគាំទ្រនូវ ប្រសាសន៍ លើកឡើងរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី លើ ទំនាក់ទំនង និងគាំទ្រគ្នាលើបញ្ហាអន្តរជាតិ។ ព្រះអង្គម្ចាស់បន្តថា ការគាំទ្រគ្នាក្នុងក្របខ័ណ្ឌអន្តរជាតិ គឺជារឿងល្អហើយយើង នឹងបន្តគាំទ្រគ្នាទៅវិញទៅមក ជាពិសេសបម្រើផល ប្រយោជន៍ ទៅវិញទៅមក ដោយផ្អែកលើគោលការណ៍ និងតម្លៃដូចគ្នា។
ព្រះអង្គម្ចាស់សង្ឃឹមថា សម្តេចតេជោនាយករដ្ឋមន្រ្តីនឹង អញ្ជើញ ទៅបំពេញទស្សនកិច្ចនៅរដ្ឋកាតា ក្នុងពេលដ៏ខ្លីខាងមុខ។ ពិសេស អញ្ជើញទៅទស្សនាការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ពិភពលោក។
ព្រះអង្គម្ចាស់បានគូសបញ្ជាក់ថា ព្រះអង្គនឹងជំរុញឲ្យមានការហោះហើរ ឡើងវិញ រវាងកាតានិងកម្ពុជា។
សម្តេចតេជោបានគូសបញ្ជាក់ថា ប្រសិនជាមានការហោះហើរ ឡើងវិញមែននោះ និងជំរុញឲ្យមានការតភ្ជាប់រវាងប្រជាជន និងប្រជាជន រួមទាំងអ្នកទេសចរណ៍ផងដែរ ៕ ដោយ៖ វណ្ណលុក









