រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ថ្លែងក្នុងឱកាសបង្ហូតទង់អាស៊ាន អបអរខួបលើកទី៥៥ ថា កិច្ចសហប្រតិបត្តិការអាស៊ាន បានផ្តល់ផលវិជ្ជមានជាច្រើនដល់រដ្ឋជាសមាជិក និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត

ដើម្បីអបអរសាទរខួបអាស៊ានលើកទី៥៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ បានបង្ហូតទង់អាស៊ាន។ ពិធីនេះ ត្រូវបានប្រារព្ធេធ្វើឡើងនៅក្រសួងការបទេស ដែលមានការចូលរួមពីតំណាងក្រុមប្រឹក្សាសហគមន៍អាស៊ាន និងប្រមុខបេសកកម្មការទូតបរទេសនៅភ្នំពេញ ជាច្រើនរូបទៀតផងដែរ ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបង្ហូតទង់អាស៊ាន ដើម្បីអបអរសាទរខួបទិវាអាស៊ាន លើកទី៥៥ (០៨ សីហា ឆ្នាំ១៩៦៧-០៨ សីហា ឆ្នាំ២០២២) បានថ្លែងថា កិច្ចសហប្រតិបត្តិការអាស៊ាន បានផ្តល់ផលវិជ្ជមានជាច្រើនដល់រដ្ឋជាសមាជិក ហើយនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំបន្ថែមទៀត។

សូមជម្រាបថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន (ASEAN) គឺជាអង្គការថ្នាក់តំបន់មួយ រួមមានប្រទេសនៅអាស៊ីអាគ្នេយ៍ទាំងដប់ជាសមាជិក ត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយជំរុញកិច្ច សហប្រតិបត្តិការអន្តររដ្ឋាភិបាល និងជួយសម្រួលការធ្វើសមាហរណកម្មក្នុងចំណោមសមាជិកទាំងអស់។

អាស៊ាន បង្កើតឡើងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧ ដែលមានប្រទេសចំនួន០៥ រួមមាន ប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី និងប្រទេសថៃ។ លុះចាប់ពីឆ្នាំ១៩៨៤មក ប្រទេសចំនួន ៥ទៀត បានចូលជាសមាជិកជាបន្តបន្ទាប់ រួមមាន ប្រទេសប៊្រុយណេ វៀតណាម ឡាវ មីយ៉ាន់ម៉ា និងកម្ពុជា ដែលជាកូនពៅគេ បានក្លាយជាសមាជិក នៃសមាគមនេះ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។

បើតាមមាត្រា៣១ នៃធម្មនុញ្ញអាស៊ាន បានចែងថា ប្រធានអាស៊ាន ត្រូវប្ដូរវេនជារៀងរាល់ឆ្នាំ តាមលំ ដាប់អក្ខរក្រម នៃឈ្មោះជាភាសាអង់គ្លេសរបស់រដ្ឋសមាជិក ហើយរដ្ឋសមាជិក ដែលទទួលបានឋានៈជា ប្រធានអាស៊ាននោះ ត្រូវធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំមួយចំនួនទៀត។ ចាប់តាំងពីចូលជាសមាជិកអាស៊ាន កម្ពុជា បានធ្វើជាប្រធានអាស៊ានចំនួន ៣លើកហើយ ដោយ លើកទី១ នៅឆ្នាំ២០០២ លើកទីពីរ នៅឆ្នាំ២០១២ និងលើកទី៣ នៅឆ្នាំ២០២២ ៕ ដោយ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner