អភិបាលខេត្ត បន្ទាយមានជ័យ ៖ សន្តិភាព បានធ្វេីឲ្យបងប្អូនពុទ្ធបរិស័ទ មានឱកាសបានធ្វេីបុណ្យទាន បានច្រេីនប្រកបដោយសទ្ធាជ្រះថ្លា

បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ មានប្រសាសន៍ថា ការទទួលបាននូវសន្តិភាព បានធ្វេីឲ្យបងប្អូនពុទ្ធបរិស័ទ មានឱកាសបានធ្វេីបុណ្យទាន បានច្រេីនប្រកបដោយសទ្ធាជ្រះថ្លា ពុំមានភាពភ័យខ្លាចដូចកាលពីសម័យមុនឡេីយ ក្រោយពីប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយ យើងមានការអភិវឌ្ឍគ្រប់វិស័យ ។

ឯកឧត្តម អ៊ុ រាត្រី មានប្រសាសន៍បែបនេះ ក្នុងឱកាសដែល ឯកឧត្តម និង លោក ជំទាវ អញ្ជើញសម្ពោធឆ្លង សាលាធម្មសភា វត្តគីរីវង្សក្សេមក្សាន្ត (ភ្នំបាក់លើ) ដែលចំណាយថវិកាជួសជុលសាងសង់អស់ ៨.៩៩៩៩ដុល្លារអាមេរិក នាព្រឹកថ្ងៃ ទី៧ ខែសីហា ឆ្នាំ២០២២។

ពិធីសម្ពោធឆ្លងនោះ ក៏មានការនិមន្តអញ្ជេីញចូលរួមពីព្រះឧត្តមសីលញ្ញាណ ធុល សុធា ព្រះមេគណខេត្ត និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោក ជំទាវ ថ្នាក់ដឹកនាំខេត្ត ពុទ្ធបរិស័ទជាច្រើនរូបផងដែរ។

ឯកឧត្តម អភិបាលខេត្ត បានលើកឡើងថា ៖ព្រះពុទ្ធសាសនានៅកម្ពុជាមានវត្តចំនួន ៥.១០៤ វត្ត មានព្រះសង្ឃសរុប ៧០.៩០៥ អង្គ ដោយ ឡែកខេត្តបន្ទាយមានជ័យមានវត្តចំនួន ២៥៤វត្ត ទាំងពីរគណៈមានព្រះសង្ឃចំនួន ៤.២៤២អង្គ ហើយព្រះសង្ឃគ្រប់ព្រះអង្គ ពុទ្ធបរិស័ទ សប្បុរស់ជនជិតឆ្ងាយជាកម្លាំងដ៏រស់រវើករបស់សង្គម ដែលមិនអាចខ្វះបាន។ វិស័យ ពុទ្ធចក្រ និងអាណាចក្រ ត្រូវផ្សារភ្ជាប់គ្នាយ៉ាងរឹងមាំ និងត្រូវដើរទន្ទឹមគ្នាគ្រប់កាលៈ ទេសៈ ពិសេសគ្រប់ដំណាក់កាល ការអភិវឌ្ឍប្រទេសជាតិ។ ព្រះពុទ្ធសាសនា មិនគ្រាន់តែជាទីគោរពបូជាប៉ុណ្ណោះទេ តែគឺជាប្រភពបណ្ដុះបណ្ដាលនូវបញ្ញាញាណ ជាថ្នាលបណ្ដុះនៅធនធានមនុស្សគ្រប់សម័យកាល។

ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា ៖ ជាក់ស្តែងវិស័យព្រះពុទ្ធសាសនា ត្រូវទទួលបានការយកចិត្តទុក្ខយ៉ាងខ្លាំងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានហែលឆ្លងគ្រប់ឧបសគ្គ ក្នុងការដឹកនាំប្រទេសមួយនេះតាំងពីចំណុចសូន្យ រហូតទទួលបានភាពរីកចម្រេីនគួរឲ្យកត់សម្គាល់ ដែលគ្មាននរណាអាចធ្វេីបានឡេីយ។តាមរយៈសមិទ្ធផល មួយនេះដែលយេីងទទួលបាន គឺបានមកដោយសារមានសុខសន្តិភាព ដូច្នេះយេីងត្រូវថែរក្សាសន្តិភាពមួយនេះឲ្យបានគង់វង្សយូរអង្វែង និងសូមអរគុណសន្តិភាព ដែលបានធ្វេីឲ្យប្រទេសកម្ពុជា មានភាពសម្បូរសប្បាយ មានការអភិវឌ្ឍប្រជាជនពលរដ្ឋរស់នៅប្រកបដោយភាពសប្បាយរីករាយ គ្មានភាពភ័យខ្លាចដូចកាលពីមុន ធ្វេីបុណ្យប្រកបដោយសទ្ធាជ្រះថ្លា ៕ ដោយ៖ ឃិន គន្ធា

ads banner