លោក ប្រាយុទ្ធ ចាន់អូចា កោះប្រជុំបន្ទាន់មួយ ក្រោយផ្សែងអ័ព្ទយ៉ាងក្រាស់គ្របដណ្តប់ ទូទាំងទីក្រុងបាងកក
ថៃ៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានបើកកិច្ចប្រជុំបន្ទាន់តាមវីដីអូមួយជាមួយអភិបាលខេត្តចំនួន១៦ និងរដ្ឋមន្ត្រីមួយចំនួនទៀត នៅក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ ដើម្បីដោះស្រាយបញ្ហាគុណភាពខ្យល់មិនល្អ ដែលកំពុងគំរាមកំហែងក្នុងរាជធានីបាងកក និងខេត្តនៅជុំវិញ ហើយបង្កផលប៉ះពាល់ដល់សុខភាពរបស់ប្រជាជន។

ក្នុងអំឡុងកិច្ចប្រជុំខាងលើ លោក ប្រាយុទ្ធ ចន្ទអូចា បានលើកឡើងពីការត្រៀមខ្លួន កិច្ចសហប្រតិបត្តិការ និងការរិះរកវិធីដោះស្រាយបញ្ហាបំពុលខ្យល់ ដែលកំពុងកើតឡើងនៅទីក្រុងបាងកក និងតំបន់ដែលជុំវិញ។ ឆ្លើយតបនឹងបញ្ហានេះ លេខាធិការអចិន្ត្រៃយ៍របស់ក្រសួងសុខាភិបាលសាធារណៈថៃលោក ស៊ុកឃុម ខាន់ចាន់ណាភីម៉ៃ បានណែនាំឲ្យប្រជាជនដែលធ្វើការនៅខាងក្រៅ ពាក់ម៉ាស និងផឹកទឹក៦ទៅ៨កែវក្នុងមួយថ្ងៃ។ ដោយឡែកប្រតិបត្តិការបាញ់ទឹកបានចាប់ផ្តើមនៅសង្កាត់ ឡាក់ស៊ី និងតំបន់មួយចំនួនទៀតនៅក្នុងរាជធានីបាងកក ក្នុងគោលបំណងកាត់បន្ថយកម្រិតបំពុលខ្យល់នៅតាមសាលារៀន និងផ្លូវសំខាន់ៗមួយចំនួន។

គួរបញ្ជាក់ថា ការបំពុលខ្យល់អាកាសនៅប្រទេសថៃ ភាគច្រើន គឺបង្កឡើងដោយ ផ្សែងចេញពីរោងចក្រ ឬការដ្ឋានសំណង់ ការដុតព្រៃដាំដំណំា និងចំហេះឥន្ធនៈយានយន្ដជាដើម។ បើតាមទិន្នន័យពីគេហទំព័រ អាឃ្យូអ៊ែរ នោះ គិតត្រឹមម៉ោង៩ព្រឹកថ្ងៃចន្ទម្សិលមិញនេះ ការបំពុលខ្យល់អាកាសនៅក្នុងទីក្រុងបាងកក បានជាប់ចំណាត់ថ្នាក់លេខ៣នៅលើពិភពលោក ខណៈតំបន់ចំនួន៣៣ ក្នុងក្រុងមួយនេះ មានកម្រិតភាគល្អិតនៅក្នុងខ្យល់ ឬ PM2,5 លើសពី៥០៕ធ.ដ


