ថៃ កំពុងទទួលរងការគំរាមកំហែងពីផ្សែងអ័ព្ទដ៏អាក្រក់ ដែលគ្របដណ្ដប់ស្ទើរតែទូទាំង ទីក្រុងបាងកក
ថៃ៖ នៅក្នុងថ្ងៃចន្ទនេះ ទីក្រុងបាងកក ត្រូវបានផ្សែងអ័ព្ទយ៉ាងក្រាស់គ្របដណ្ដប់ស្ទើរតែទូទាំងក្រុង ដោយធ្វើឱ្យរាជធានីរបស់ប្រទេសអាស៊ានមួយនេះ ស្ថិតក្នុងចំណោមទីក្រុងដែលមានការបំពុលខ្យល់អាកាសខ្លាំងជាងគេ នៅលើពិភពលោក។

ឆ្លើយតបនឹងបញ្ហានេះ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានផ្ដល់យោបល់ឱ្យប្រជាជនពាក់ម៉ាស់ការពារ នៅពេលចេញខាងក្រៅផ្ទះ ខណៈក្រុមអ្នកលេងបណ្ដាញទំនាក់ទំនងសង្គមក៏បានអំពាវនាវឱ្យរោងចក្រឧស្សាហកម្ម និងការដ្ឋានសំណង់ទាំងអស់ កាត់បន្ថយការបញ្ចេញផ្សែងទៅក្នុងបរិយាកាសផងដែរ។

គួរបញ្ជាក់ថា ការបំពុលខ្យល់អាកាសនៅប្រទេសថៃ ភាគច្រើនគឺបង្កឡើងដោយ ផ្សែងចេញពីរោងចក្រ ឬការដ្ឋានសំណង់ ការដុតព្រៃដាំដំណំា និងចំហេះឥន្ធនៈយានយន្ដជាដើម។ បើតាមទិន្នន័យពីគេហទំព័រ IQAir AirVisual នោះ គិតត្រឹមម៉ោង៩ព្រឹកថ្ងៃចន្ទម្សិលមិញនេះ ការបំពុលខ្យល់អាកាសនៅក្នុងទីក្រុងបាងកក បានជាប់ចំណាត់ថ្នាក់លេខ៣នៅលើពិភពលោក ខណៈតំបន់ចំនួន៣៣ ក្នុងក្រុងមួយនេះ មានកម្រិតភាគល្អិតនៅក្នុងខ្យល់ ឬ PM2,5 លើសពី៥០៕ធ.ដ

