រដ្ឋមន្រ្តីពាណិជ្ជកម្ម៖ ទំហំពាណិជ្ចកម្មទេ្វភាគីរវាងកម្ពុជា-សិង្ហបុរី កើនឡើងពី ៣.៥ ប៊ីលានដុល្លារក្នុងឆ្នាំ២០២០ ដល់ ៥.៣ ប៊ីលានដុល្លារក្នុងឆ្នាំ២០២១

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរសក្ត័ បាន បញ្ជាក់ឱ្យដឹងថា តាមរយៈកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនិងមិត្តភាពយូរអង្វែងរវាងកម្ពុជា-សិង្ហបុរី លើវិស័យជាច្រើន ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ដោយក្នុងនោះទំហំពាណិជ្ចកម្មទេ្វភាគីរវាងកម្ពុជា-សិង្ហបុរី កើនឡើងពី ៣.៥ ប៊ីលានដុល្លារក្នុងឆ្នាំ២០២០ ដល់ ៥.៣ ប៊ីលានដុល្លារក្នុងឆ្នាំ២០២១។ ខណៈដែលក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ២០២២ ទំហំពាណិជ្ជកម្មបានកើនឡើងដល់២.១ ប៊ីលានដុល្លារ ទោះបីជាមានផលប៉ះពាល់បណ្តាលមកពីជំងឺកូវីដ-១៩ យ៉ាងណាក្តី ។

ឯកឧត្តម ប៉ាន សូរសក្ត័ បានឱ្យដឹងបន្តថា បរិយាកាសធុរកិច្ច និងការវិនិយោគដ៏អំណោយផលរបស់កម្ពុជា ពិសេសការលើកទឹកចិត្ត និងភាពបត់បែនដែលផ្តល់ដោយក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីសម្រាប់ការស្តារសេដ្ឋកិច្ច ក្នុងទម្រង់ធម្មតាថ្មី២០២១-២០២៣ ក៏ដូចជាច្បាប់ស្តីពីការវិនិយោគដែលទើបប្រកាសដាក់ឱ្យអនុវត្ត នឹងទាក់ទាញវិនិយោគិនបន្ថែមទៀត រួមទាំងវិនិយោគិនមកពីប្រទេសសិង្ហបុរីផងដែរ។

ជាមួយគ្នានេះ ក្នុងតួនាទីជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអរគុណចំពោះ ការគាំទ្ររបស់ឯកឧត្តម Gan Kim Yong រដ្ឋមន្រ្តីពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបុរី លើគន្លឹះអាទិភាពសេដ្ឋកិច្ចរបស់កម្ពុជា ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសសិង្ហបុរីនិងសមាជិកអាស៊ានដ៏ទៃទៀត ដើម្បីធានាឱ្យកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលគ្រោងនឹងរៀបចំឡើងពីថ្ងៃទី១១-១៨ ខែកញ្ញា ឆ្នាំ២០២២ ប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា និងជោគជ័យក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា។

ការថ្លែងបញ្ជាក់បែបនេះ នៅក្នុងឱកាស ដែឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ តំណាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីល្ងាចថ្ងៃទី១០ ខែសីហាបានអញ្ជើញចូលរួមអបអរសាទរខួបលើកទី៥៧ នៃទិវាជាតិរបស់សាធារណរដ្ឋសិង្ហបុរី ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរសក្ត័ បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅបំផុត និងបានជូនពរជោគជ័យ វឌ្ឍនភាព សុភមង្គល និងវិបុលភាពដល់រដ្ឋាភិបាល និងប្រជាជនសិង្ហបុរី ក្នុងឱកាសដ៏រីករាយនេះ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាល និងប្រជាជនសិង្ហបុរី ដែលតែងតែគាំទ្រ និងផ្តល់ជំនួយដល់ប្រទេសកម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ដែលជាសសរស្តម្ភដ៏សំខាន់មួយនៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ ការអភិវឌ្ឍន៍ជាតិ សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងការកសាងសហគមន៍អាស៊ាន។

គួរបញ្ជាក់ថា កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេបំផុតដែលបានទទួលស្គាល់ឯករាជ្យរបស់ប្រទេសសិង្ហបុរីក្នុងឆ្នាំ១៩៦៥។ ទំនាក់ទំនងការទូតរបស់ប្រទេសកម្ពុជា និងសិង្ហបុរីត្រូវបានបង្កើត ដោយព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ និងអតីតនាយករដ្ឋមន្ត្រីសិង្ហបុរី លី ក្វាន់យូ។ ចាប់តាំងពីពេលនោះមក ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-សិង្ហបុរី ត្រូវបានពង្រឹងនិងរីកចម្រើនឥតឈប់ឈរ៕ ដោយ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner