អភិបាលខេត្តព្រះវិហារ អញ្ជើញជួបសំណេះសំណាលជាមួយ កងកម្លាំងប្រដាប់អាវុធពីអង្គភាព ដើម្បីពង្រឹងកិច្ចទំនាក់ទំនងល្អ និងបង្កើនភាពស្និទ្ធស្នាល
ខេត្តព្រះវិហារ ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ អញ្ជើញសាកសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធ នៃអង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងអង្គភាពបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ នៅបញ្ជាការដ្ឋានកងកម្លាំងទាំងពីរអង្គភាព ស្ថិតក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានរាយការណ៍ អំពីស្ថានភាពទូទៅ នៃសភាពការនានា ដែលកើតមានឡើងនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់តំបន់ប្រតិបត្តិការសឹក និងការអនុវត្តការងារយោធានាឆ្នាំកន្លងមក លើវិស័យការពារជាតិ ការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងឡាវ ការចូលរួមចំណែក ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព ស្ថិរភាពសង្គម សង្គមធម៌ និងមនុស្សធម៌ ការកសាងកងឯកភាពលើគ្រប់វិស័យ ជំរុញការកសាង និងអភិវឌ្ឍន៍មូលដ្ឋាន ព្រមទាំងការសហការចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋ ជាដើម ។
បន្ទាប់មក ឯកឧត្តមអភិបាលខេត្ត ក៏បានដឹកនាំមន្ត្រីខេត្ត ចុះសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ខណៈនោះ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានស្វាគមន៍ និងរាយការណ៍ជូនថ្នាក់ដឹកនាំខេត្ត អំពី ស្ថានភាពទូទៅ នៃការអនុវត្តតួនាទី ភារកិច្ច នាពេលកន្លងទៅ ដូចជា ការរក្សាបានសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការទប់ស្កាត់ និងបង្ក្រាបបទល្មើស ទាំងបទល្មើសឧក្រិដ្ឋ និងបទល្មើសមជ្ឈិម ការឃាត់ខ្លួនជនសង្ស័យ និងដកហូតវត្ថុតាង កសាងសំណុំរឿងបញ្ជូនទៅតុលា ការ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កម្លាំងកងរាជអាវុធហត្ថខេត្ត បានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ និងបង្ក្រាបជាប្រចាំ ក្នុងនោះ កម្លាំងអាវុធហត្ថម្ចាស់ការបង្ក្រាបបានជាច្រើនករណី និងអង្គភាពក៏បានធ្វើការងារកសិកម្មចិញ្ចឹមមាន់ទា និងការដាំបន្លែបង្ការ ក្រៅពីកិច្ចការងារស្នូល។
អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី មានប្រសាសន៍ថា កងកម្លាំងប្រដាប់អាវុធ ត្រូវតែការពារឲ្យបាន នូវបូរណៈភាពទឹកដី ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារប្រជាពលរដ្ឋ ជាពិសេស ត្រូវការពារឲ្យបានដាច់ខាត រាជរដ្ឋាភិបាល ដែលបានប្រសូត្រចេញពីការបោះឆ្នោតដោយស្របច្បាប់ ។ ឯកឧត្តម អភិបាលខេត្ត បន្តថា កងកម្លាំងប្រដាប់អាវុធ ត្រូវអរគុណ នយោបាយឈ្នះ ឈ្នះ ដឹងគុណស្ថាបនិកមគ្គុទេសក៏ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព ។
ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹក ដល់កងកម្លាំងទាំងពីរ ត្រូវត្រៀមកម្លាំង មធ្យោបាយ ស្បៀង និងសម្ភារៈ គិលានដ្ឋាន ដើម្បីត្រៀមចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ គេចចេញពីគ្រោះមហន្តរាយទឹកជំនន់ ទៅកាន់ទីទួលសុវត្ថិភាព ក្រែងគ្រោះធម្មជាតិ កើតឡើង ដោយប្រការណាមួយ។
ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភដល់អង្គភាពសឹករងខេត្ត ស្រាបៀ ១០០កេស ថវិកា ១០លានរៀល ឧបត្ថម្ភនាយទាហាន និងពលទាហាន ១៤០នាក់ ម្នាក់ៗ ៤ម៉ឺនរៀល ។ ឧបត្ថម្ភដល់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ស្រាបៀ ១០០កេស ថវិកា ១០លានរៀល នាយ និងពលអាវុធហត្ថ ១១១នាក់ ម្នាក់ៗ ៤ម៉ឺនរៀល ផងដែរ ៕ ដោយ៖ឡុង សំបូរ














