ប្រជាពលរដ្ឋរងគ្រោះចំនួន ៣គ្រួសារ ដែលបានរងគ្រោះដោយសារគ្រោះអគ្គិភ័យឆេះផ្ទះសម្បែងអស់ទាំងស្រុង ទទួលបានអំណោយមនុស្សធម៌ពី សាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល
កណ្តាល ៖ លោក ទៀង សុគន្ធ នាយកសាខា តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកជំនួយសង្គ្រោះទៅឧបត្ថម្ភជូនប្រជាពលរដ្ឋចំនួន ៣គ្រួសារ ដែលបានរងគ្រោះដោយសារគ្រោះអគ្គិភ័យឆេះផ្ទះសម្បែងអស់ទាំងស្រុង ចំនួន ៣ខ្នង កាលពីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជំនួយសង្គ្រោះដែលបានផ្តល់ជូនក្នុង១គ្រួសារមាន អង្ករ ៥០គីឡូក្រាម ,មីខ្លាឃុំ ១កេស ,ទឹកសុទ្ធដបធំ ១កេស ,ត្រីខកំប៉ុង ២យួរ ,ទឹកត្រី ១យួរ ,ទឹកស៊ីអុីវ ១យួរ ,ឃីត ១កញ្ចប់ , កៅស៊ូតង់ ១ផ្ទាំង ,ជែលលាងដៃ ១ដប ,ម៉ាស់ ១ប្រអប់ និងថវិកាចំនួន ៤០ម៉ឺនរៀល ។ ជាមួយគ្នានេះអនុសាខាកាកបាទក្រហមកម្ពុជាក្រុងតាខ្មៅ ក៏បាន ឧបត្ថម្ភថវិកាបន្ថែមជូនក្នុង១គ្រួសារ ចំនួន ២០ម៉ឺនរៀលផងដែរ ។
លោក ទៀង សុគន្ធ ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខា បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនបងប្អូន ប្រជាពលរដ្ឋរងគ្រោះដោយក្តីនឹករឭក អណិតអាសូរ និងសូមចូលរួមរំលែកនូវការសោកស្តាយជាមួយបងប្អូន ដែលបានទទួលរងគ្រោះខូចខាតនូវទ្រព្យសម្បត្តិ និងផ្ទះសម្បែងដោយសារគ្រោះអគ្គិភ័យនេះ ។
លោកនាយកសាខា បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្តេចតែងមានការគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសគឺផ្តោតទៅលើការជួយដល់ជនងាយរងគ្រោះបំផុត និងជនរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ គ្មានការរើសអើងជាតិសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ជាក់ស្តែងដូចក្នុងករណីគ្រោះមហន្តរាយដោយសារអគ្គិភ័យនាឱកាសនេះជាដើម ៕ ឆ ដា










