លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី និងក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកលើកដែក ខេត្ត កណ្តាល នាំអំណោយចុះសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់
លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកលើកដែក ខេត្តកណ្តាល បានអញ្ចើញចុះសាកសួរសុខទុកបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះថ្នាក់ដោយធម្មជាតិភ្លៀងធ្លាក់ខ្លាំងលាយឡំដោយខ្យល់កន្ត្រាក់ ដែលបានធ្វើឲ្យខូចខាតនៅផ្ទះសម្បែងបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលស្ថិតនៅក្នុងឃុំព្រែកដាច់ និងឃុំពាមរាំងស្រុកលើកដែក ខេត្ត
កណ្តាល។ ការចុះសាកសួរសុខទុកដល់ប្អូនប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិនេះធ្វើឡើងនៅព្រឹកថ្ងៃ ចន្ទ ២កើត ខែ អស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃ៣០ ខែកញ្ញា ឆ្នាំ២០១៩។
គ្រោះធម្មជាតិខ្យល់កន្រ្តាក់នេះបានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ៣៩ គ្រួសារ ក្នុងឃុំចំនួន ២ គឺឃុំព្រែកដាច់ និងឃុំពាមរាំង ។ គ្រោះមហន្តរាយនេះបណ្តាលឱ្យខូតខាតផ្ទះប្រជាពលរដ្ឋចំនួន ៣៣ ខ្នង ក្នុងនោះ ឃុំព្រែកដាច់ រលំផ្ទះទាំងស្រុង ២ខ្នង និង ប៉ើងដំបូល ៧ខ្នង ឯឃុំពាមរាំង រងការខូចខាតរលំផ្ទះទាំងស្រុង ១០ខ្នងផ្ទះ និងរបើកដំបូល ១៤ខ្នងផ្ទះ ខូចខាត សម្ភារៈ ម៉ូតូ៦គ្រឿង កង់៦ និងរបួសមនុស្ស១០នាក់។
ក្នុងឱកាសចុះសាកសួរសុខទុកបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ លោកជំទាវកិត្តិសង្ហហបណ្ឌិតឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភាបានមានប្រសាសន៍ថាការលំបាករបស់បងប្អូនប្រជាពលរដ្ឋ គឺជាការលំបាករបស់ថ្នាក់នាំ។ ជាពិសេសលោកជំទាវក៏បានពាំនាំនៅការសាកសួរសុខទុកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែល
សម្តេចតែងតែយកចិត្តទុកដាក់រាល់ការលំបាករបស់បងប្អូនទោះស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ ក៏ថ្នាក់ដឹកនាំនៅរួមសុខរួមទុកជាមួយបងប្អូនគ្រប់ពេលវេលា។
ជាមួយគ្នានេះផងដែរ លោកជំទាវ និងក្រុមការងារ ក៏បាននាំអំណោយចែកជូនបងប្អូនរងគ្រោះដោយខ្យល់កន្ត្រាក់រួមមាន៖ ប្រជាពលរដ្ឋរលំផ្ទះចំនួន១២ខ្នង ក្នុង១ខ្នងផ្ទះទទួលបានឃីតមួយនិងថវិកា ៣០០.០០០រៀល ប្រជាពលរដ្ឋរបើកដំបូលផ្ទះចំនួន២១ខ្នងផ្ទះ ក្នុង១ខ្នងផ្ទះទទួលបានឃីត១ និងថវិកា ១០០.០០០រៀល ឧបត្ថម្ភដល់អ្នករងរបួសធ្ងន់ចំនួន៣នាក់ក្នុង១នាក់ថវិកា ២៥០.០០០រៀល អ្នករងរបួសស្រាលចំនួន១០ ក្នុង១នាក់ទទួលបានថវិកា៨០.០០០រៀល។
ប្រជាពលរដ្ឋរងគ្រោះទាំងអស់ដែលបានទទួលអំណោយ បានថ្លែងអំណរគុណដល់លោកជំទាវ ឃួន សុដារី និងក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកលើកដែក ខេត្តកណ្តាល ព្រមទាំងក្រុមការងារក្នុងស្រុកទាំងអស់ដែលបានដឹងសុខទុក្ខពលរដ្ឋមានគ្រោះអាសន្ន និងចុះមកជួយបានទាន់ពេលវេលារហូតមកផងដែរ៕










