លោក ពូទីន ហៅដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី ទៅតៃវ៉ាន់ថា ជាការបង្កហេតុដែលបានគ្រោងទុក

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បាននិយាយក្នុងថ្ងៃអង្គារសប្តាហ៍នេះ នៅក្នុងសន្ទរកថារបស់គាត់ទៅកាន់អ្នកចូលរួមក្នុងសន្និសិទសន្តិសុខអន្តរជាតិលើកទី ១០ នៅទីក្រុងម៉ូស្គូថា ដំណើរទស្សនកិច្ចដ៏ផ្សងព្រេងរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី ទៅកាន់កោះតៃវ៉ាន់ គឺជាការបង្កហេតុដែលបានគ្រោងទុកយ៉ាងប្រុងប្រយ័ត្ន ។

នាឱកាសនោះដែរ លោក ពូទីន បានបញ្ជាក់យ៉ាងដូច្នេះថា ដូចដែលអ្នកបានដឹងហើយថា ថ្មីៗនេះ សហរដ្ឋអាមេរិកបានព្យាយាមម្តងទៀតដោយចេតនា ក្នុងការចាក់ប្រេងបន្ថែមទៅក្នុងភ្លើង និងបង្កស្ថានភាពតានតឹងនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ការផ្សងព្រេងរបស់អាមេរិកទាក់ទងនឹងតៃវ៉ាន់ មិនមែនគ្រាន់តែជាដំណើរទស្សនកិច្ចរបស់អ្នកនយោបាយ ដែលគ្មានការទទួលខុសត្រូវប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់អាមេរិកដោយចេតនា និងមនសិការ ក្នុងការធ្វើឱ្យមានអស្ថិរភាព និងធ្វើឱ្យស្ថានការណ៍ក្នុងតំបន់ និងពិភពលោកកាន់តែយ៉ាប់យ៉ឺន ក៏ដូចជាបង្ហាញពីការមិនគោរពអធិបតេយ្យភាពរបស់ប្រទេសដទៃ និងចំពោះកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ហើយយើងមើលឃើញថា ទង្វើនេះជាការបង្កហេតុដែលបានគ្រោងទុកយ៉ាងប្រុងប្រយ័ត្ន។

សូមរម្លឹកផងដែរថា ភាពតានតឹងនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់បានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីការធ្វើដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី ទៅកាន់តៃវ៉ាន់កាលពីថ្ងៃទី២ និងទី៣ ខែសីហាកន្លងមកនេះ។ កងកម្លាំងប្រដាប់អាវុធចិនបានសងសឹក ដោយការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ជាមួយនឹងការបាញ់មីស៊ីលនៅក្នុងតំបន់ដែនទឹកចំនួន ៦ ជុំវិញកោះមួយនេះ៕ ប្រភព៖ Tass ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner