ប្រមុខអ.ស.បនឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន-តួកគីក្នុងទីក្រុងល្វីវ នាសប្តាហ៍នេះ

កៀវ៖ អង្គការសហប្រជាជាតិបានបញ្ជាក់ថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោកអាន់តូនីញ៉ូ ហ្គូធឺរែស នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងល្វីវ ភាគខាងលិចអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងសមភាគីតួកគីលោក តាយយីប អឺដូហ្គាន់។

អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក ស្ទេហ្វេន ឌូចារីក បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអង្គារសប្តាហ៍នេះថា មេដឹកនាំទាំងបីនឹងផ្លាស់ប្តូរទស្សនៈស្តីអំពីការនាំចេញកសិផលដែលបានព្រមព្រៀងដោយរុស្ស៊ី និងអ៊ុយក្រែន ព្រមទាំងមានការសម្របសម្រួលដោយតួកគី និងអង្គការសហប្រជាជាតិ។

បន្ទាប់មកនៅថ្ងៃសុក្រសប្តាហ៍ដដែលនេះ លោក ហ្គូធឺរែស នឹងធ្វើដំណើរទៅកាន់ទីក្រុងអូឌីសា ភាគខាងត្បូង ដើម្បីទៅទស្សនាកំពង់ផែមួយក្នុងចំណោមកំពង់ផែដែលត្រូវបានប្រើប្រាស់សម្រាប់ការនាំចេញកសិផល។

លោក ឌូចារីក បានបន្តថា លោក ហ្គូធឺរែស ត្រូវបានគេរំពឹងថា នឹងជួបពិភាក្សាទ្វេភាគីជាមួយលោក ហ្សេលេនស្គី ហើយថា ពួកលោកនឹងពិភាក្សាអំពីតម្រូវការសម្រាប់ដំណោះស្រាយនយោបាយចំពោះជម្លោះ។ បន្ថែមលើនេះ លោក ហ្គូធឺរែស និងលោក ហ្សេលនស្គី ក៏ត្រូវបានគេរំពឹងដែរថា នឹងពិភាក្សាអំពីស្ថានភាពនៅរោងចក្រនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចខាងលើនេះ នឹងក្លាយជាលើកទីពីររបស់លោក ហ្គូធឺរែស ដែលជាន់ទឹកដីរបស់អ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមការឈ្លានពានប្រទេសនេះ។ ទស្សនកិច្ចលើកដំបូងគឺនៅក្នុងខែមេសាកន្លងទៅ ៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner