ឯកឧត្តម រ័ត្ន វិរៈ ជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំព្រះធាតុ និងចែកអំណោយជូនប្រជាពលរដ្ឋ នៅស្រុកអូររាំឪ ខេត្តត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ៖ ឯកឧត្តម រ័ត្ន វិរៈ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមជាមួយឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នី សុធី ប្រធានមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ បានជួបសំណេះសំណាល និងសួរសុខទុក្ខ ប្រធាន និងសមាជិកក្រុមប្រឹក្សាឃុំព្រះធាតុ ដែលបាននឹងកំពុងបំពេញការងារបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ឯកឧត្តម បានលើកទឹកចិត្តឲ្យក្រុមប្រឹក្សាឃុំទាំងអស់ពង្រឹងសាមគ្គីគ្នា បម្រើសេវាសាធារណៈ និងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋឲ្យបានល្អ ជាពិសេសចូលរួមផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត តាមប្រតិទិនរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នាពេលខាងមុខ។
ជាមួយគ្នានេះ ឯកឧត្តម និងប្រតិភូបាន ជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ១០គ្រួសារ នៅភូមិត្រពាំងនាង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ នៅក្នុងពិធីសំណេះសំណាល ឯកឧត្តម រ័ត្ន វិរៈ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានគាំទ្រដល់ការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា របស់គណបក្សប្រជាជនកម្ពុជា ដែលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រទេសជាតិ រួចផុតពីសម័យសង្គ្រាម និងធ្វើឲ្យកម្ពុជាមានការរីកចម្រើន មានសុខសុន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ។
ឯកឧត្តមបានបញ្ជាក់បន្ថែមថាការផ្តល់ជំនួយ ជូនប្រជាពលរដ្ឋកម្ពុជា ដែលមានភាពខ្វះខាត គឺមិនប្រកាន់ជាតិសាសន៍ សាសនា ឬនយោបាយនោះឡើយ។ ជាមួយគ្នានេះ ឯកឧត្តមតរដ្ឋលេខាធិការ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋនាំគ្នាបន្តចូលរួមថែរក្សាសន្តិភាព ដោយបន្តការគាំទ្រដល់រាជរដ្ឋាភិបាល ដើម្បីទទួលបានសុខសន្តិភាព និងការអភិវឌ្ឍបន្តទៅទៀត។ គួរជម្រាបផងដែរថា អំណោយដែលបានចែកជូនខាងលើមួយគ្រួសារ ទទួលបានអង្ករ ៥០គីឡូក្រាម មី ទឹកត្រី ទឹកស៊ីអុីវ ត្រីខ ១យួរ និងថវិកាចំនួន ៤ម៉ឺនរៀល។
នៅក្នុងថ្ងៃដដែល ឯកឧត្តរដ្ឋលេខាធិការ បានចុះសួរសុខទុក្ខ ដល់សកម្មជនយុវជនឃុំព្រះធាតុម្នាក់ ដែលកំពុងមានជំងឺ ពិការស្វិតជើងទាំងសងខាង កំពុងសម្រាកព្យាបាលនៅផ្ទះ។ ក្នុងឱកាសនោះឯកឧត្តម និងក្រុមការងាររួមជាមួយប្រធាននិងសមាជិកក្រុមប្រឹក្សាឃុំព្រះធាតុ បានជួយឧបត្ថម្ភ ដល់គ្រួសារប្រជាពលរដ្ឋជួបការលំបាកនេះ ជាអង្ករ ៥០គីឡូក្រាម ទឹកត្រី ទឹកស៊ីអុីវ មី ត្រីខ ១យួរ និងជូនថវិកា សម្រាប់ដោះស្រាយជីវភាព និងសាងសង់ខ្ទមផ្ទាល់ដី ដើម្បីងាយស្រួលក្នុងការរស់នៅប្រចាំថ្ងៃ ៕












