ប្រមុខ អ.ស.ប មកដល់អ៊ុយក្រែនហើយ ដើម្បីជួបពិភាក្សាជាមួយមេដឹកនាំតួកគី និងអ៊ុយក្រែន
កៀវ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូធឺរែស កំពុងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងសមភាគីតួកគីលោក តាយយីប អឺដូហ្គាន់ នៅទីនោះ។
លោក ហ្គូធឺរែស បានមកដល់ទីក្រុងល្វីវ ភាគខាងលិចប្រទេសអ៊ុយក្រែន នៅថ្ងៃពុធម្សិលមិញ ហើយបើតាមការគ្រោងទុកនោះ ប្រមុខអង្គការសហប្រជាជាតិរូបនេះ នឹងជួបជាមួយលោក ហ្សេលេនស្គី និង លោក អឺដូហ្គាន់ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។
មេដឹកនាំទាំងបីនឹងផ្លាស់ប្តូរទស្សនៈគ្នាស្តីអំពីការនាំចេញផលិតផលកសិកម្ម ដែលបានយល់ព្រមដោយរុស្ស៊ី-អ៊ុយក្រែន ស្ថិតក្រោមការសម្របសម្រួលដោយតួកគី និងអង្គការសហប្រជាជាតិ ។
ប្រភពបានឱ្យដឹងថា លោក ហ្គូធឺរែស ក៏គ្រោងនឹងមានការប្រជុំដាច់ដោយឡែកជាមួយលោក ហ្សេលេនស្គី ផងដែរ ដោយលោកទាំងពីរត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីអ្វីដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយភាពតានតឹងរវាងអ៊ុយក្រែន និងរុស្ស៊ី។
ភាពតានតឹងរវាងទីក្រុងម៉ូស្គូ-ទីក្រុងកៀវ បាននិងកំពុងកើនឡើងនៅឧបទ្វីបគ្រីមៀ បន្ទាប់ពីមានហេតុការណ៍ផ្ទុះនៅឃ្លាំងអាវុធចំនួនពីរនៅថ្ងៃទី ៩ និងទី ១៦ ខែសីហាកន្លងមកនេះ។ រុស្ស៊ីបានដាក់បញ្ចូលឧបទ្វីបនេះជាទឹកដីរបស់ខ្លួនក្នុងឆ្នាំ២០១៤៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា





