ឯកឧត្តម នេត្រ ភក្ត្រា៖ មានគ្រូពេទ្យ គឺមានក្ដីសង្ឃឹម ហើយវត្តមាននៃក្រុមគ្រូពេទ្យជនជាតិបារាំង គឺជាស្ពានមួយតភ្ជាប់នូវចំណងមិត្តភាពដ៏មានតម្លៃរវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរ
ខេត្តព្រះសីហនុ៖ កម្មវិធីសំណេះសំណាល និងថ្លែងអំណរគុណ ក្នុងអាហារសាមគ្គីនាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួង បរិស្ថាន និង ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួង បរិស្ថាន ឯកឧត្តម លោកជំទាវ លោក លោកស្រីជាសមាជិកក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកម្មមនុស្សធម៌នៅកម្ពុជា ក្រុមគ្រូពេទ្យស្មគ្រចិត្តនៃសមាគមបេសកម្មមនុស្សធម៌របស់ប្រទេសបារាំង គ្រូពេទ្យមណ្ឌលសុខភាពស្រុកព្រៃនប់ និងយុវជនស្ម័គ្រចិត្តជាច្រើនរូប។
ថ្លែងក្នុងកម្មវិធីសំណេះសំណាល និងថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកម្មមនុស្សធម៌នៅកម្ពុជា និងក្រុមគ្រូពេទ្យស្មគ្រចិត្តនៃសមាគមបេសកម្មមនុស្សធម៌របស់ប្រទេសបារាំង ដែលបានចុះពិនិត្យព្យាបាលជំងឺទូទៅ ជូនប្រជាពលរដ្ឋនៅឃុំអូរជ្រៅ ស្រុកព្រៃនប់ និងឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ក្នុងឱកាសនោះដែរ ក្នុងនាមឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុឯកឧត្តមរដ្ឋលេខាធិការមានប្រសាសន៍ថា «មានគ្រូពេទ្យ គឺមានក្ដីសង្ឃឹម ហើយវត្តមាននៃក្រុមគ្រូពេទ្យជនជាតិបារាំង គឺជាស្ពានមួយតភ្ជាប់នូវចំណងមិត្តភាពដ៏មានតម្លៃរវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរ។ ពិសេស ជាឱកាសសម្រាប់គ្រូពេទ្យកម្ពុជាក្នុងមូលដ្ឋាន ដកស្រង់ពិសោធន៍ និងពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនផងដែរ»។
គួរបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បាននាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមមនុស្សធម៌របស់ប្រទេសបារាំង សហការជាមួយអាជ្ញាធរមូលដ្ឋានស្រុកព្រៃនប់ និងស្រុកកំពង់សិលា ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៨ ខែសីហា ឆ្នាំ២០២២ បានចំនួនសរុប៧៤២នាក់ នៅមូលដ្ឋានឃុំអូរជ្រៅ ស្រុកព្រៃនប់ និងឃុំស្ទឹងឆាយ ស្រុកកំពង់សិលា នៃខេត្តព្រះសីហនុ ៕




































