សម្តេចក្រឡាហោម ស ខេង គូសបញ្ជាក់ថា មន្ត្រីអនុរដ្ឋលេខាធិការមួយរូប ត្រូវបានដកចេញពីមុខតំណែង ព្រោះសន្យា លក់ក្របខណ្ឌ

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទម្លាយថា មន្ត្រីក្រសួងមហាផ្ទៃថ្នាក់អនុរដ្ឋលេខាធិការមួយរូប ត្រូវបានបញ្ចប់មុខតំណែងក៏ដោយសារតែការប្រព្រឹត្តអំពើពុករលួយ ដោយដើរសន្យាផ្តល់ក្របខណ្ឌមន្ត្រីជាថ្នូរនឹងលុយសម្រាប់អ្នកចង់ចូលធ្វើជាមន្ត្រីក្របខណ្ឌក្រសួងមហាផ្ទៃ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកនាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង បានគូសរំលេចពីការធ្វើកំណែទម្រង់ក្នុងការជ្រើសរើសមន្ត្រីក្របខណ្ឌក្រសួងមហាផ្ទៃ ជាពិសេសពង្រឹងលើការប្រឡងចូលក្របខណ្ឌតែម្តង។
សម្តេចក្រឡាហោម បានគូសរំលេចថា ការប្រឡងចូលក្របខណ្ឌនេះ ត្រូវតែមានតម្លាភាព បើគ្មានតម្លាភាពទេ គឺគ្មានន័យនោះឡើយ។ សម្តេចក្រឡាហោម ស ខេង ក៏បានលើកឡើងពីពាក្យចចាមអារ៉ាមមួយចំនួនពាក់ព័ន្ធអំពើពុករលួយក្នុងការប្រឡងចូលក្របខណ្ឌមន្ត្រីនេះ។

លើកឡើងដល់រឿងនេះ សម្តេចក្រឡាហោម ស ខេង ក៏បានទម្លាយពីករណីមន្ត្រីថ្នាក់អនុរដ្ឋលេខាធិការមួយរូបនៅក្នុងក្រសួងមហាផ្ទៃ បានរត់ការលក់ក្របខណ្ឌមន្ត្រីនេះ ហើយទីបំផុតសម្តេច ក៏បានសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឱ្យបញ្ចប់មុខតំណែងតែម្តង។

សម្តេចក្រឡាហោម បន្ថែមថា «នេះជារឿងមួយដែលយើងត្រូវអាកាត់។ បើមិនអ៊ីចឹងទេ ដើរសន្យាលក់អាក្របខណ្ឌហ្នឹង។ អាហ្នឹងអត់បានទេ។ យើងកំពុងតែកំណែទម្រង់នគរបាល ដើម្បីឈានទៅធ្វើយ៉ាងម៉េចឱ្យមានគុណភាព ប្រសិទ្ធភាពបម្រើប្រជាពលរដ្ឋ»៕ សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner