កិច្ចប្រជុំបូកសរុបលទ្ធផលការងារហ្វឹកហ្វឺនរៀនសូត្រ ប្រចាំខែសីហា ឆ្នាំ២០២២ និងដាក់ចេញនូវទិសដៅអនុវត្តបន្ត

កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ ហ្វឹកហ្វឺនរៀនសូត្រប្រចាំខែសីហា ឆ្នាំ2022 និងដាក់ចេញនូវទិសដៅភារកិច្ចសម្រាប់អនុវត្តបន្ត នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅ ភូមិថ្នល់បែកឃុំត្រពាំងឬស្សីស្រុកកំពង់ស្វាយខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី 19 ខែសីហា ឆ្នាំ 2022 ។

លោកវរសេនីយ៍ទោ សេង ប៊ុនណាត នាយការិយាល័យហ្វឹកហ្វឺន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងរាយការណ៍អំពីលទ្ធផលការងារសម្រេចបាន ក្នុងការហ្វឹកហ្វឺនរៀនសូត្រប្រចាំខែសីហា ឆ្នាំ 2022 ដែលមានជាអាទិ៍អង្គភាពបានប្រមូលផ្ដុំ ហ្វឹកហ្វឺនបំប៉នម្ចាស់ការរយៈពេលខ្លីបានមួយវគ្គ មានរយៈពេល 20ថ្ងៃ នាពេលថ្មីៗកន្លងមកនេះ ក្រៅពីនោះនៅតាមបណ្តាអង្គភាពវរៈសេនាតូចទាំងពីរ ផ្នែកសឹករងទាំង 9 និងយោធិនចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៍បានដំណើរការហ្វឹកហ្វឺនរៀនសូត្រប្រចាំសប្តាហ៍ ដោយក្នុងមួយសប្តាហ៍ ធ្វើការហ្វឹកហ្វឺនរៀនសូត្ររយ:ពេលពីរថ្ងៃ នៅនឹងកន្លែង និងបានលើកឡើងនូវទិសដៅសម្រាប់កម្មវិធីហ្វឹកហ្វឺនបន្តផងដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះនាយទាហានធ្វើការងារហ្វឹកហ្វឺនគ្រប់លំដាប់ថ្នាក់ និងគ្រប់កងឯកភាព ដែលបានអនុវត្តបានល្អ តាមផែនការហ្វឹកហ្វឺនបំប៉នម្ចាស់ការតាមផែនការដែលយោធភូមិភាគទី៤ បានដាក់ចេញ និង អនុវត្តកម្មវិធីហ្វឹកហ្វឺន ប្រចាំសប្តាហ៍ របស់ ឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តមមេបញ្ជាការយោធភូមិភាគទី 4 ដែលបានដាក់ចេញប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានជំរុញដល់បណ្ដាស្ថាប័ន និងកងឯកភាពចំណុះទាំងអស់ត្រូវតែបន្តយកចិត្តទុកដាក់ក្នុងការហ្វឹកហ្វឺនរៀនសូត្របំប៉នសមត្ថភាពប្រយុទ្ធ កាយសម្បទារឹងមាំ ពង្រឹងវិន័យសេចក្តីថ្លៃថ្នូរ របស់កងយោធពលខេមរៈភូមិន្ទ និងឆន្ទៈមុតស្រួច ក្នុងកិច្ចការពារជាតិសាសនាព្រះមហាក្សត្រ ការពារអធិបតេយ្យភាពជាតិ ៕ ដោយ ប៊ុន រដ្ឋា

ads banner