រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកការដ្ឋានដាក់លូមេ ដើម្បីរំដោះទឹកជំនន់លិច នៅលើកំណាត់ផ្លូវលេខ ២០០៤ ចន្លោះពីផ្លូវលេខ២៧១ ដល់ផ្លូវលេខ៣៧១

ភ្នំពេញ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅរសៀលថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០២២នេះ ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២០០៤ ចន្លោះពីផ្លូវលេខ២៧១ ដល់ផ្លូវលេខ៣៧១ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ឱ្យបានជ្រាប់ថា ដើម្បីកែលម្អប្រព័ន្ធប្រឡាយលូ ក្នុងរាជធានីភ្នំពេញ សំដៅកាត់បន្ថយជំនន់ទឹកភ្លៀង ដែលតែងតែបង្កឱ្យ មានការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធនានា ក៏ដូចជាបង្កផលប៉ះពាល់ដល់បរិស្ថានផងនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកការដ្ឋានដាក់លូមេ ដើម្បីរំដោះទឹកជំនន់លិច នៅលើកំណាត់ផ្លូវលេខ២០០៤ ចន្លោះពីផ្លូវលេខ២៧១ ដល់ផ្លូវលេខ៣៧១ ចូលទៅប្រឡាយស្ទឹងមានជ័យ ដោយដំណើរការការដ្ឋានចាប់ផ្តើមពីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នឹងបញ្ចប់ការដ្ឋាននៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ដែលមានរយៈពេលចំនួន ១០ថ្ងៃ បណ្តាលឱ្យមានការរំខានដល់ការធ្វើចរាចររបស់ប្រជាពលរដ្ឋ និងម្ចាស់យានយន្ត ដែលធ្វើដំណើរឆ្លងកាត់តំបន់នេះ។

រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្ត និងទោចក្រយានយន្ត គ្រប់ប្រភេទ ដែលធ្វើចរាចរឆ្លងកាត់ការដ្ឋាន សូមធ្វើការពង្វាងចរាចរទៅតាមកាលបរិច្ឆេទដូចបានជម្រាបជូនខាងលើនេះ។ ផុតរយៈពេលនេះ ការដ្ឋាននឹងបញ្ចប់ការងារហើយ បើកឱ្យធ្វើចរាចរជាធម្មតាវិញ។ រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់យ៉ាងម៉ុតមាំថា បងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្ត និងទោចក្រយានយន្ត គ្រប់ប្រភេទ ដែលធ្វើចរាចរឆ្លងកាត់តំបន់ការដ្ឋានខាងលើ នឹងចូលរួមសហការអនុវត្ត ដោយឈរលើស្មារតីយោគយល់អធ្យាស្រ័យខ្ពស់ស្របតាមខ្លឹមសារ នៃសេចក្ដីជូនដំណឹងនេះ។ ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌសែនសុខ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវអនុវត្តសេចក្ដីជួនដំណឹងនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ៕ ដោយ៖ ឆៃហួត និងប៊ុនធី

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner